(មីឡាន)៖ ខ្សែប្រយុទ្ធក្លិប AC Milan កីឡាករ Zlatan Ibrahimovic បានលើកឡើងថា លោកចង់បន្តលេងនៅក្លិបនៃលីគកំពូលអ៉ីតាលី Serie A នេះ រហូតដល់បញ្ចប់អាជីពរបស់លោកតែម្តង។ លោកបានសារភាពថា «មានការភ័យខ្លាចក្នុងការបញ្ឈប់ការលេង» ដោយសារតែភាពមិនប្រាកដប្រជា អំពីអ្វីដែលអាចកើតឡើងបន្ទាប់ពីការចូលនិវត្តន៍។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ ៤០ឆ្នាំ សញ្ជាតិស៊ុយអែតរូបនេះនឹងផុតកំណត់នៅចប់រដូវកាលនេះ ប៉ុន្តែកីឡាករ Ibrahimovic មិនទាន់មានគម្រោង ក្នុងការចូលនិវត្តន៍នៅឡើយនោះទេ។

«ខ្ញុំចង់លេងឲ្យបានយូរតាមដែលអាចធ្វើទៅបាន។ ដរាបណាខ្ញុំនៅអាចលេងបាន ខ្ញុំនឹងបន្ត»។ នេះបើតាមសម្តីកីឡាករ Ibrahimovic បានប្រាប់ក្នុងកម្មវិធីជជែកមួយរបស់អ៉ីតាលីកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

«សូមដាក់សម្ពាធលើក្លិប Milan នៅទីនេះ ដើម្បីផ្តល់ឲ្យខ្ញុំនូវការបន្តកិច្ចសន្យាថ្មី ហើយខ្ញុំសង្ឃឹមថា នឹងបន្តនៅ Milan អស់មួយជីវិត។ ខ្ញុំនៅតែមានគោលបំណងដែលខ្ញុំអាចសម្រេចបាន ហើយខ្ញុំចង់ឈ្នះពានរង្វាន់ផ្សេងៗទៀតជាមួយក្លិប»

ក្រុមដែលដឹកនាំដោយលោក Stefano Pioli នេះ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Liverpool ក្នុងលីគ UEFA Champions League នៅរាត្រីថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះផងដែរ៕