(អាមេរិក)៖ ក្រុមហ៊ុន Toyota Motor Corp បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះថា ខ្លួនកំពុងសាងសង់រោងចក្រផលិតអាគុយថ្មីមួយ តម្លៃ ១,២៩ពាន់លានដុល្លារអាមេរិក នៅរដ្ឋ North Carolina ដែលវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រីកការផលិតរថយន្តរថយន្តកូនកាត់ (hybrid) និងអគ្គិសនី។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា រោងចក្រថ្មីនេះ នឹងចាប់ផ្ដើម សង្វាក់ផលិតកម្មនៅឆ្នាំ ២០២៥ ដោយនៅដំណាក់កាលដំបូងគឺមានសមត្ថភាពអាចផ្គត់ផ្គង់អាគុយបានរហូតដល់ ៨០០០០០គ្រឿង ក្នុង មួយ ឆ្នាំ ព្រមទាំងអាចជួយជំរុញឱ្យការផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកដំណើរការទៅមុខបានយ៉ាងរលូនផងដែរ។

កាលពីថ្មីៗនេះ ក្រុមហ៊ុន Toyota បានប្រកាសឱ្យដឹងខ្លួននឹងវិនិយោគទឹកប្រាក់ប្រមាណ ១៣,៥ពាន់លានដុល្លារអាមេរិក ក្នុងការពង្រីកការ អភិវឌ្ឍន៍ និងផលិតអាគុយរថយន្តនៅជុំវិញពិភពលោក ដោយក្នុងនោះមាន ៣,៤ពាន់លានដុល្លារសម្រាប់ការវិនិយោគនៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ផងដែរថា ដោយសារតែវិបត្តិកង្វះខាតបន្ទះឈីបជាសកលបានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផលិតរថយន្តជាច្រើន នាំគ្នា សម្រុកវិនិយោគទៅលើការបង្កើតបន្ទះឈីបដោយខ្លួនឯង ដើម្បីកាត់បន្ថយការពឹងផ្នែកលើកក្រុមហ៊ុនដទៃ និងដើម្បីបំពេញតម្រូវការជាសកល ផងដែរ៕