(ភ្នំពេញ)៖ បន្ទាប់ពីខកខានទស្សនាកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិយូរគួរសម ពេលនេះរូបភាពដែលទន្ទឹងរង់ចាំ បានមកដល់ក្នុងកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best ដែលបានបើកឆាកវគ្គប្រកួតដំបូង កាលពីយប់ម្សិលមិញនេះ ដោយទទួលបានការទស្សនាយ៉ាងច្រើនពីទស្សនិកជនដែលនិយមចូលចិត្តទស្សនា ការប្រកួតប្រជែងលំដាប់ពិភពលោកបែបនេះ។

បេក្ខជនជាច្រើនរូបបានបញ្ចេញសមត្ថភាពមុខគណៈកម្មការដ៏មានប្រជាប្រិយទាំងបួនរូបមាន ឆន សុវណ្ណារាជ - ពេជ្រ សោភា - នីកូ - ផន ស្រីខួច នៅលើឆាកដ៏ប្រណីត ដែលទស្សនីយភាពដ៏ល្អបែបនេះនេះភាគច្រើន បំផុតមានឃើញតែនៅលើ ប៉ុស្តិ៍ហង្សមាសតែប៉ុណ្ណោះ។

សម្រាប់សប្តាហ៍ដំបូងរបស់កម្មវិធី Beat The Best នេះ គឺជាវគ្គ Beat The Judges ដែលគ្រប់បេក្ខជនទាំងអស់ ត្រូវបញ្ចេញសំឡេងឲ្យបានល្អ ធ្វើយ៉ាងណាទាក់ទាញចិត្តគណៈកម្មការឲ្យព្រមទទួលទៅវគ្គបន្ត។ ចម្លើយតែពីរគត់របស់គណៈកម្មការទាំង៤ សម្រាប់បេក្ខជនទាំងអស់នៅក្នុងវគ្គនេះគឺ «អាច ឬមិនអាច» ដូច្នេះមានតែ បេក្ខជនដែល Beat យកបេះដូងគណៈកម្មការបានប៉ុណ្ណោះទើប «អាច» បន្តទៅវគ្គបន្ទាប់ទៀតបាន។

រាប់ពាន់ខំមិននៅលើការចាក់ផ្សាយកាលពីយប់មិញនេះ សុទ្ធតែបង្ហាញពីភាពសប្បាយរីករាយក្នុងការទស្សនា ការគាំទ្រទៅកាន់បេក្ខជន ការស្រលាញ់ទៅកាន់គណៈកម្មការ និងរឹតតែគួរឲ្យកត់សម្គាល់ទៅទៀតនោះគឺ ការរៀបចំឆាក ភ្លើង គ្រប់យ៉ាង គឺប្រណិតស្អាតប្លែកតែម្តង៕