(សេអ៊ូល)៖ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង Samsung Electronics បានប្រកាសឱ្យដឹងថា នឹងធ្វើការ ច្របាច់បញ្ចូលគ្នានូវ អាជីវកម្ម ទូរស័ព្ទចល័ត និង គ្រឿងអេឡិចត្រូនិក ព្រមតាំងបានប្រកាសតែងតាំងសហនាយកប្រតិបត្តិថ្មី (co-CEO) ថែម ទៀតផង ដែលនេះគឺជាការរុះរើរចនាសម្ព័ន្ធដ៏ធំ និងមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១៧មក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ការផ្លាស់ប្តូរ និងរុះរើដ៏ធំនេះ គឺជាសញ្ញាចុងក្រោយបំផុតនៃការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនផលិតបន្ទះអង្គចងចាំ (memory chip) និងស្មាតហ្វូនដ៏ធំបំផុតនៅក្នុងពិភពលោក បន្ទាប់ពីអនុប្រធានក្រុមហ៊ុន Samsung លោក Jay Y. Lee ត្រូវបានដោះលែងកាលពីខែសីហា ពីការកាត់ទោសពីបទស៊ីសំណូក។

យោងតាមសេចក្ដីប្រកាសបានឱ្យដឹងថា លោក Han Jong-hee ប្រធានគ្រប់គ្រងអាជីវកម្ម ផ្នែកបន្ទះអេក្រង់ ត្រូវបានដំឡើងឋានៈជាអនុប្រធាន និងសហនាយកប្រតិបត្តិ (co-CEO) ក្រុមហ៊ុន Samsung Electronics ហើយនឹងដឹកនាំ អាជីវកម្មថ្មីដែលបានមកពីការរួមបញ្ចូលគ្នារវាងអាជីវកម្ម ទូរស័ព្ទចល័ត និង គ្រឿងអេឡិចត្រូនិក ចំណែកលោក Kyung Kye-hyun នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Samsung Electro-Mechanics ដែលជាបុត្រសម្ព័ន្ធរបស់ Samsung Group ត្រូវបានតែងតាំងជាសហនាយកប្រតិបត្តិ (co-CEO) ក្រុមហ៊ុន Samsung Electronics ហើយនឹងដឹកនាំការផលិតបន្ទះឈីប និងគ្រឿង បង្គុំ ។

កាលពីឆ្នាំ ២០១២កន្លងទៅនេះ Kwon Oh-hyun ត្រូវបានតែងតាំងជានាយប្រតិបត្តិក្រុមហ៊ុន Samsung Electronics ប៉ុន្តែលោកបានលាលែង ពីតំណែងវិញនៅឆ្នាំ ២០១៧ ដោយសារតែវិបត្តិដ៏ធ្ងន់ធ្ងរ និងមិនធ្លាប់កើតមានឡើង។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុន Samsung Group មានបុត្រសម្ព័ន្ធធំៗ ចំនួន ១១ រួមមាន៖ Samsung Electronics, Samsung Electro-Mechanics, Samsung SDI, Samsung SDS, Samsung Engineering, Samsung C&T Corporation, Samsung Heavy Industries, Samsung Life Insurance, Samsung Fire & Marine Insurance, Cheil Worldwide និង Samsung Biologics៕