(ឡុងដ៍)៖ ខ្សែបម្រើក្លិបតោខៀវ Chelsea កីឡាករ Mateo Kovacic កំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ១៩ មុនពេលការប្រកួតក្នុងពូល ចុងក្រោយរបស់ពួកគេក្នុងលីគ UEFA Champions League ដែលត្រូវប៉ះនឹងក្រុមរុស្ស៊ី Zenit St. Petersburg ស្របពេលកីឡាករ ៤នាក់ផ្សេងទៀត ត្រូវខកខានការប្រកួត ដោយសារតែបញ្ហារបួស។ នេះបើតាមសម្តីអ្នកចាត់ការ Thomas Tuchel ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

Kovacic បានត្រឡប់មកប្រកួតវិញជាលើកដំបូងចាប់តាំងពីខែតុលា បន្ទាប់ពីរបួសភ្លៅ បានធ្វើឲ្យកីឡាករសញ្ជាតិក្រូអាតរូបនេះ អវត្តមានពីការប្រកួតចំនួន ៨លើកចុងក្រោយ របស់ Chelsea ក្នុងការប្រកួតទាំងអស់។

«Kovacic បានចូលរួមហ្វឹកហាត់កាលពីថ្ងៃម្សិលមិញ ជាមួយនឹងស្នាមញញឹម ហើយវាពិតជារីករាយណាស់ដែលគាត់បានត្រឡប់មកវិញ។ ប៉ុន្តែគាត់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃនេះ ហើយបាននឹងកំពុងធ្វើចត្តាឡីស័កវិញ» នេះបើតាមសម្តីលោក Tuchel បានប្រាប់អ្នកសារព័ត៌មាន មុនការប្រកួតនៅថ្ងៃពុធ។

កីឡាកររបស់ Chelsea ៤រូបផ្សេងទៀតរួមមាន Ben Chilwell, N'Golo Kante (អ្នកទាំងពីររបួសជង្គង់), កីឡាករ Trevoh Chalobah (របួសភ្លៅ) និងកីឡាករ Jorginho (មានបញ្ហាខ្នង) ក៏នឹងត្រូវអវត្តមានផងដែរសម្រាប់ការប្រកួតនៅថ្ងៃពុធសប្តាហ៍នេះ។

Chelsea បានឆ្លងផុតវគ្គជម្រុះក្នុងលីគ Champions League រួចរាល់ផងដែរ ហើយកំពុងមាន ១២ពិន្ទុជាមួយក្លិប Juventus នៅកំពូលនៃពូល H ដូចគ្នា៕