(ភ្នំពេញ)៖ ក្លិបបាល់ទាត់ វិសាខា បានប្រកាសព័ត៌មានដ៏រសើបថ្មីមួយទៀតហើយ ជុំវិញការតែងតាំងលោក Lee Tae-Hoon អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា គឺជាគ្រូបង្គោលថ្មីរបស់ខ្លួន ជំនួសកៅអីគ្រូបង្វឹកអៀកឡង់ លោក Colum Curtis ដែលក្លិបបានចែកផ្លូវ កាលពីពាក់កណ្ដាលរដូវកាលកន្លងទៅ ។

នេះគឺជាការបន្ថែមនូវក្បាលម៉ាស៊ីនថ្មីមួយទៀត ពីសំណាក់ក្រុមជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ២សម័យ ដើម្បីត្រៀមការប្រកួតរដូវកាលថ្មី នាឆ្នាំ២០២២ ខាងមុខ បន្ទាប់ពីវិសាខា បានប្រកាសគ្រូបង្វឹកខ្មែរ ដែលមានសញ្ញាបត្រ A-License ២រូប រួមមានលោក មាស ចាន់ណា អតីតគ្រូបង្គោលក្រុមណាហ្គាវើលដ៏ ជាអ្នកចាត់ការក្រុម និងលោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ជាគ្រូវិភាគ កាលពីថ្មីៗ ។

វិសាខា គឺជាក្លិបទី២ នៅកម្ពុជាហើយ ដែលលោក Lee Tae-Hoon បានដឹកនាំ បន្ទាប់ពីបុរសជនជាតិកូរ៉េខាងត្បូងរូបនេះ បានចំណាយពេលជិត ១រដូវកាលជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្នុងនាមអ្នកចាត់ការក្រុម តែពុំទទួលបានលទ្ធផលល្អប្រសើរឡើយ មុនត្រូវបានក្លិបមានមូលដ្ឋាននៅកីឡដ្ឋានស្ដាតចាស់នេះ ប្រកាសចែកផ្លូវ ក្រោយបញ្ចប់ការប្រកួតរដូវកាលឆ្នាំ២០២១ កាលពីថ្មីៗ ។

សូមរំឮកថា លោក Lee Tae-Hoon ធ្លាប់បានចំណាយពេល ៧ឆ្នាំ និង ៣ខែ ដឹកនាំក្រុមជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៨ មុនផុតកិច្ចសន្យាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ បន្ទាប់មកលោកក៏បានទៅបំពេញការងារជាមួយក្លិប Hoang Anh Gia Lai – HAGL នៃក្របខណ្ឌលីគកំពូលវៀតណាម កាលពីឆ្នាំ២០១៩-២០២០ កន្លងទៅ មុនត្រឡប់មកប្រកបអាជីពជាថ្មីនៅកម្ពុជា នៅឆ្នាំ២០២១ នេះ៕