(អាមេរិក)៖ ខ្សែភាពយន្តភាគផ្ទុះការគាំទ្រខ្លាំងនៅលើ Netflix គឺរឿង «Squid Game» ត្រូវបានរាយការណ៍មកថា បានឈ្នះពានរង្វាន់ដល់ទៅ៣ ពីកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំរបស់អាមេរិក «Critics Choice Awards»។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

ពានរង្វាន់ដែលភាពយន្ត «Squid Game» ទទួលបានទាំង៣នោះ រួមមាន ពានរង្វាន់ខ្សែភាពយន្តល្អបំផុត, ពានរង្វាន់តារាសម្តែងប្រុសល្អបំផុត និងពានរង្វាន់សំខាន់មួយផ្សេងទៀត។ ខណៈសេចក្តីប្រកាសពីការបានពានរង្វាន់ ត្រូវបានធ្វើឡើង កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ នៅសហរដ្ឋអាមេរិក ហើយកម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ នៅទីក្រុង Los Angeles។ វាគឺជាលើកទី១ ហើយសម្រាប់រឿងភាគកូរ៉េ ដែលទទួលបានពានរង្វាន់ពីកម្មវិធីមួយនេះ បើទោះបីជាកន្លងមកមានរឿងកូរ៉េដ៏ល្បីមួយ គឺ «Parasite» ដែលជារឿងដុំ ធ្លាប់ទទួលបានពានចំនួន៧ពីកម្មវិធីនេះក៏ដោយ។

គួរជម្រាបថា រឿង «Squid Game» ដែលលោក Lee Jung Jae ចូលរួមសម្តែងជាតួអង្គសំខាន់ពាក់អាវលេខ ៤៥៦ ត្រូវបានគេដឹងថា រកចំណូលពីការចាក់បញ្ចាំងបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេល១ខែដំបូង។ បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាពេលថ្មីៗនេះបានឲ្យដឹងថា រឿងនេះរកចំណូលពីការចាក់បញ្ចាំងនៅទូទាំងពិភពលោក បានរហូតដល់ទៅប្រមាណ ៩០០លានដុល្លារអាមេរិក ខណៈការចំណាយដើមទុនផលិតអស់ត្រឹមតែ ២១.៤លានដុល្លារប៉ុណ្ណោះ៕