(កូឡាឡុំាពួ)៖ លោក Tan Cheng Hoe បានលាលែងពីតំណែង ជាគ្រូបង្គោលរបស់ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី បន្ទាប់ពីការបរាជ័យរបស់ក្រុមលោក ក្នុងការប្រកួតជម្រុះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ AFF Suzuki Cup 2020 នៅប្រទេសសិង្ហបុរី កាលពីខែមុន, នេះបើតាមការប្រកាស ពីសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ។
អគ្គលេខាធិការ FAM លោក Mohd Saifuddin Abu Bakar បានលើកឡើងថា លោក Tan បានអះអាងពីបំណងរបស់លោក ក្នុងការលាលែងពីតំណែង នៅអំឡុងពេលប្រជុំមួយ ជាមួយនឹងថ្នាក់គ្រប់គ្រង របស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ជម្រើសជាតិ កាលពីពេលថ្មីៗនេះ។
លោកបានលើកឡើងថា បន្ទាប់ពី "ការពិភាក្សាដោយបើកចិត្ត ពីគ្រប់ភាគីទាំងអស់", ថ្នាក់គ្រប់គ្រង FAM បានបញ្ចប់ដោយការគោរព ចំពោះការសម្រេចចិត្តរបស់លោក ហើយបានចែកផ្លូវគ្នា ជាមួយលោក Tan ដោយការព្រមព្រៀងគ្នាទៅវិញទៅមក។
លោក Saifuddin បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា "FAM សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក Cheng Hoe ដែលបានបម្រើការងារ នៅ FAM អស់រយៈពេល១៤ឆ្នាំ ចាប់តាំងពីលោកធ្វើជាជំនួយការគ្រូបង្វឹក នៃក្រុមជម្រើសជាតិ U-20 ក្នុងឆ្នាំ២០០៥"។
នៅក្នុងការប្រកួតពានរង្វាន់ Suzuki Cup ដែលបានបញ្ចប់ទៅហើយ ក្រោយប្រារព្ធឡើងចាប់ពីថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី១ ខែមករា, ក្រុមរបស់លោក Tan ដែលខ្វះការត្រៀមខ្លួន ដោយសារការរាតត្បាតពីកូវីដ១៩នោះ បានបរាជ័យ ក្នុងការឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេបានបញ្ចប់ ត្រឹមចំណាច់ថ្នាក់ទី៣ នៅពូល B៕