(ភ្នំពេញ)៖ ក្រុមជើងឯកលីគ ៤សម័យ បឹងកេតអែហ្វស៊ី សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រាជធានីភ្នំពេញ បានរៀបចំការប្រកួតពានរង្វាន់យុវជន ៧មករា ឆ្នាំ២០២២ ដើម្បីអបអរសាទរខួបលើកទី៤៣ នៃទិវាជ័យជម្នះ ៧មករា ក៏ដូចជាចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់ជាតិ។

ពានរង្វាន់យុវជននេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរទិវាជ័យជម្នះ ៧មករា និងដើម្បីចូញលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា ក៏ដូចជាបង្កើតភាពសប្បាយរីករាយ និងបណ្ដុះភាពក្លាហាន និងស្មារតីស្រលាញ់កីឡាដល់កុមារ ពិសេសស្វែងរកក្មេងៗ ដែលទេពកោសល្យ យកមកបណ្ដុះបណ្ដាល និងជួយសម្រេចក្ដីសុបិន្ដចង់ក្លាយជាកីឡាករអាជីពរបស់ពួកគេ។

ការប្រកួតនេះ ចែកចេញជា ៣កម្រិតអាយុ រួមមានអាយុក្រោម ១០ឆ្នាំ មាន ៤ក្រុមចូលរួម, អាយុក្រោម ១២ឆ្នាំ មាន ៥ក្រុមចូលរួម និងអាយុក្រោម ១៥ឆ្នាំមាន ៨ក្រុមចូលរួម ដែលការប្រកួតធ្វើឡើងតែ ១ថ្ងៃប៉ុណ្ណោះ នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។ សម្រាប់ក្រុមទទួលបានជ័យលាភី នឹងទទួលបានពាន មេដាយ អមជាមួយសម្ភារៈកីឡាមួយចំនួន រួមមានឯកសណ្ឋានកីឡា និងបាល់ជាដើម។

ក្នុងកម្មវិធីអបអរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ក៏មានការចូលរួមពីលោកជំទាវ តិមា វិច្ឆិកាល អនុប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ តំណាងលោក សាយ សំអាល់ ប្រធាន ស.ស.យ.ក រាជធានីភ្នំពេញ, លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត ក៏ដូចជាលោក កែប ជុតិមា តំណាងរាស្ដ្រមណ្ឌលភ្នំពេញ និងជាកីឡាករកិត្តិយសក្លិបបឹងកេតផងដែរ៕