(អាមេរិក)៖ បច្ចុប្បន្នលោក Elon Musk ត្រូវបានមហាជនទទួលស្គាល់ថា ជាបុគ្គលដែលទទួលបានជោគជ័យខ្លាំងបំផុត និងជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទី២នៅលើពិភពលោក ប៉ុន្តែលោកអ្នកមានដឹងទេ មុនឈានដល់ដំណាក់កាលនេះតើគាត់បានបង្កើតអ្វីខ្លះ និងបានប្រាក់មកពីណាក្នុងការវិនិយោគ និងបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន?

នៅឆ្នាំ ១៩៩៥ លោកបានចូលសិក្សានៅសកលវិទ្យាល័យ Stanford University ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ថ្នាក់ បណ្ឌិតផ្នែកវិទ្យាសាស្ត្រ ប៉ុន្តែអ្វីដែលអស្ចារ្យនោះគឺលោកចូលរៀនបានតែពីរថ្ងៃគត់ប៉ុណ្ណោះ ក៏បោះបង់ការសិក្សា និងងាកមកបង្កើតក្រុមហ៊ុនថ្មី មួយ ដែលមានឈ្មោះថា «Zip2»។

Zip2 ជាកម្មវិធីគេហទំព័រមួយដែលបានបង្កើតឡើងដោយស្ថាបនិក ៣រូបគឺ លោក Elon Musk, លោក Kimbal Musk (ប្អូនប្រុសរបស់ Elon Musk) និងលោក Greg Kouri ដែលដំណើរការដោយមូលនិធិដែលបានរៃអង្គាសពីវិនិយោគិន ហើយក្រុមហ៊ុននេះមានទីតាំងនៅ Palo Alto រដ្ឋ California។

ក្រុមហ៊ុននេះបានបង្កើតឡើងក្នុងគោលបំណងផ្ដល់នូវភាពងាយស្រួលក្នុងការស្វែងរក ទីតាំងផ្សេងៗនៅក្នុងទីក្រុងតាមរយ:អនឡាញ និងបង្កើតឡើងដើម្បីជំនួសឧស្សាហកម្មបោះពុម្ពដែលមានដូចជាកាសែតជាដើម ហើយបើនិយាយឱ្យស្រួលស្ដាប់ និងងាយយល់គឺ Zip2 ជាកម្មវិធីស្វែងរកទីតាំងតាមរយៈអ៊ីនធឺណិតស្រដៀងគ្នាទៅនឹង Yellow Pages។

លោក Elon Musk បានឱ្យដឹងថា មុនពេលក្រុមហ៊ុនទទួលបានជោគជ័យដូចសព្វថ្ងៃនេះ ដំបូងឡើយគាត់មិនមានលទ្ធភាពទិញអាផាតមិនផ្ទាល់ខ្លួនទេ ដោយគាត់បានយកអាផាតមិនផ្ទាល់ខ្លួនមកធ្វើជាការិយាល័យធ្វើការផង ស្នាក់នៅផង ហើយអ្វីដែលកាន់តែកម្សាន្តនោះគឺពួកគាត់ មាន កុំព្យូទ័រតែមួយ ដូច្នេះត្រូវប្ដូរវេនគ្នាក្នុងការសរសេរកូដបង្កើតគេហទំព័រ Zip2 ឡើង។

ក្រោយពីដំណើរការបានល្អហើយ លោក Elon Musk បានសហការនឹងចុះកិច្ចសន្យាព្រមព្រៀងជាមួយការសែត The New York Times និង Chicago Tribune ហើយបានបញ្ចុះបញ្ចូលក្រុមប្រឹក្សាភិបាលឱ្យបោះបង់ចោលផែនការសម្រាប់ការរួមបញ្ចូលគ្នាជាមួយ CitySearch ដែលជាគូរប្រគួតប្រជែង។

នៅទីបំផុតការខិតខំប្រឹងប្រែងរបស់លោក Elon Musk ពិតជាមិនខកបំណងឡើយ ដោយក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ល្បីរបស់អាមេរិក Compaq Computer Corp បានទិញយកក្រុមហ៊ុន Zip2 នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៩៩ ក្នុងតម្លៃ ៣០៧លានដុល្លាអាមេរិក ដោយក្នុងនោះលោក Elon Musk ទទួលបាន ២២លានដុល្លារអាមេរិកពីការលក់ ព្រោះគាត់មានភាគហ៊ុន ៧ភាគរយនៅក្នុងក្រុមហ៊ុន Zip2 ស្របពេលដែលគាត់ ទើបតែមានអាយុ ២៧ឆ្នាំ។

គួរបញ្ជាក់ផងដែរថា លុយ ២២លានដុល្លារអាមេរិកនេះផងដែរ គឺលោក Elon Musk មិនបានយកដាក់ក្នុងហោប៉ាវ ឬចាយវាយហឺហានោះទេ...តើគាត់យកទៅធ្វើអ្វីវិញ? សូមរង់ចាំអានភាគបន្ត៕