(ភ្នំពេញ)៖ លោក John Bell អគ្គនាយកធនាគារ ជីប ម៉ុង និងលោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន នៅធនាគារ ជីប ម៉ុង សាខាមជ្ឈមណ្ឌល ជីប ម៉ុង បាក់ទូក ដើម្បីផ្ដល់ការធានាលើកម្ចីដែលខ្វះទ្រព្យបញ្ចាំសម្រាប់ពង្រីក និងទ្រទ្រង់អាជីវកម្ម ជាពិសេសសម្រាប់សហគ្រាសធុនតូច-មធ្យម នៅកម្ពុជា។

នៅក្នុងឱកាសនេះ លោក John Bell បានថ្លែងថា «ធនាគារ ជីប ម៉ុង តែងតែឈរលើគោលជំហរជួយគាំទ្រដល់អាជីវកម្ម និងសហគ្រាសធុនតូច-មធ្យម នៅកម្ពុជា តាមរយៈការផ្តល់ប្រាក់កម្ចីចំនួនច្រើន ជាមួយអត្រាការប្រាក់ទាប និងសំណងរយៈពេលវែង។ លើសពីនេះទៅទៀត ធនាគារ ជីប ម៉ុង ក៏តែងតែស្វាគមន៍នូវរាល់កិច្ចសហការពីគ្រប់ភាគី ពាក់ព័ន្ធក្នុងគោលដៅជួយអភិវឌ្ឍដល់អាជីវកម្ម និងសហគ្រាសធុនតូច-មធ្យម ឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងរវាង ធនាគារ ជីប ម៉ុង និងសាជីវកម្មធានាឥណទានកម្ពុជាក្នុងពេលនេះ នឹងជួយឲ្យ អតិថិជនរបស់ធនាគារ ជីប ម៉ុង កាន់តែមានលទ្ធភាពខ្ពស់ក្នុងការទទួលបានកម្ចី បើទោះបីជាពួកគេពុំមានទ្រព្យតម្កល់គ្រប់គ្រាន់ក្ដី។ កិច្ចសហការនេះ គឺពិតជាមានផលប្រយោជន៍ច្រើនមែនទែន មិនថាចំពោះអតិថិជនឬចំពោះធនាគារ ក៏ដូចជាចំពោះសេដ្ឋកិច្ចជាតិទាំងមូល ព្រោះថាម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ដែលកំពុងត្រូវការជំនួយផ្នែកហរិញ្ញវត្ថុ អាចស្នើកម្ចីពីធនាគារ ជាមួយលក្ខខណ្ឌប្រសើរជាងមុន និងមានចំនួនកម្ចីច្រើនជាងមុន ក្រោមកិច្ចធានាពីសាជីវកម្មធានាឥណទានកម្ពុជា។

ចំណែក លោក Wong Keet Loong ក៏បានគូសបញ្ជាក់ដែរថា «ស.ធ.ក. មានសេចក្តីសោមនស្សរីករាយក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូដំបូងគេបង្អស់សម្រាប់ឆ្នាំថ្មី ២០២២នេះ ជាមួយធនាគារ ជីប ម៉ុង។ ធនាគារជីប ម៉ុង នឹងក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមបន្ថែមរបស់ ស.ធ.ក. សរុប ចំនួន២២ ក្នុងការផ្តល់ប្រាក់កម្ចីដែលមានការធានា ដើម្បីគាំទ្រដល់បណ្តាសហគ្រាសធុនតូច និងមធ្យម»

លោកបានបន្តទៀតថា ខណៈដែលសកម្មភាពអាជីវកម្មមានការរីកចម្រើន តម្រូវការកម្ចីសម្រាប់ជាទុន បង្វិលឬការពង្រីក អាជីវកម្ម ក៏នឹងមានការកើនឡើងដែរ។ ការធានាឥណទាននឹងផ្តល់អត្ថប្រយោជន៍ ដល់ម្ចាស់អាជីវកម្មលើតម្រូវការ ទ្រព្យបញ្ចាំពីធនាគារ នៅពេលស្នើសុំកម្ចី។ ស.ធ.ក. មានសុទិដ្ឋិនិយមថា អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម កាន់តែច្រើន នឹងទទួលបានអត្ថប្រយោជន៍ពីការ ធានាឥណទាននេះ។

គួររំលឹកផងដែរថា តាមរយៈកិច្ចព្រមព្រៀងរវាងធនាគារជីបម៉ុង ជាមួយសាជីវកម្មធានាឥណទានកម្ពុជានេះ នឹងអាចជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសធុនតូច-មធ្យមដែលមានលទ្ធភាពសង និងកំពុងត្រូវការកម្ចីសម្រាប់អភិវឌ្ឍន៍អាជីវកម្ម ប៉ុន្តែខ្វះទ្រព្យបញ្ចាំ ឥឡូវនេះពួកគេអាចធ្វើការស្នើកម្ចីពីធនាគារ ជីប ម៉ុង បានដោយមានទំនុកចិត្ត។

បន្ថែមពីនេះទៀត ធនាគារ ជីប ម៉ុង ជាធនាគារពាណិជ្ជបែបឌីជីថល បង្កើតឡើងនៅខែមករា ឆ្នាំ២០១៩ និងមាន ក្រុមហ៊ុន ជីប ម៉ុង ជាភាគទុកនិកដ៏រឹងមាំ។ ក្នុងប្រតិបត្តិការជាង៣ឆ្នាំមកនេះ ធនាគារ ជីប ម៉ុងមានទ្រព្យ សកម្មសរុបជាង ៨០០លានដុល្លារអាមេរិក ដែលក្នុងនោះឥណទានសរុបកើនឡើងជាង ៥០០លានដុល្លារអាមេរិក និងទទួលបានប្រាក់ បញ្ញើពីអតិថិជនជាង ៧០០លានដុល្លារអាមេរិក។

លើសពីនេះទៅទៀត សាជីវកម្មធានាឥណទានកម្ពុជា (ស.ធ.ក.) គឺជាសហគ្រាសសាធារណៈស្ថិតនៅក្រោមអាណាព្យា បាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្ម ចម្បងរបស់ (ស.ធ.ក.) គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យ ជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

សូមបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ (ស.ធ.ក) បានផ្ដល់ការធានាឥណទាន ដល់អាជីវកម្មសរុបចំនួន១៩៩ ក្នុងទំហំទឹកប្រាក់២២លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៥% នៃចំនួន អាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SME)។ សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនង ០៨១ ៨១១ ៩១១/ ០៦៦ ៨១១ ៩១១៕