(សៀមរាប)៖ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ បានបញ្ចប់ហើយ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ១ថ្ងៃពេញនៅខេត្តសៀមរាបនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ហើយក៏បានរកឃើញកីឡាករ-កីឡាការិនីជើងខ្លាំងប្រចាំឆ្នាំចំនួន ៧វិញ្ញាសាផងដែរ។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន បានឲ្យដឹងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ ក្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ២៤៩នាក់ ដែលប្រកួតលើទីតាំងសំខាន់ៗពីរ នៅខេត្តសៀមរាប ទី១-ប្រភេទកង់គួក ប្រកួតជុំវិញតំបន់អង្គរ និងទី២-ប្រភេទកង់ភ្នំ ប្រកួតនៅតំបន់ឧទ្យានជាតិភ្នំគូលែន។

ជាលទ្ធផលនៃការប្រកួត សម្រាប់ប្រភេទកង់គួក រួមមានវិញ្ញាសាកង់គួកបុរសថ្នាល លេខ១ កីឡាករ ចេង ជេម, វិញ្ញាសាកង់គួកបុរសក្រុមធំ (Elite) លេខ១ កីឡាករ លឹម តិចហ៊ុយ និងវិញ្ញាសាកង់គួកបុរស (Master) លេខ១ កីឡាករ អេង លីន។ រីឯប្រភេទកង់ភ្នំ វិញ្ញាសាកង់ភ្នំ Man Master MTB លេខ១ កីឡាករ Vasco Ramsperger, វិញ្ញាសាកង់ភ្នំបុរស (Elite) លេខ១ កីឡាករ ឃឹម ម៉េងឡុង, វិញ្ញាសាកង់ភ្នំថ្នាល លេខ១ កីឡាករ ធីម លីម៉េង និងវិញ្ញាសាកង់ភ្នំនារី លេខ១ កីឡាការិនី ខេន ម៉ាឡៃ។

អគ្គលេខាធិការសហព័ន្ធ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតថ្នាក់ជាតិខាងលើ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែលកីឡាករ-កីឡាការិនី បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងគោរពបទបញ្ជាការប្រកួត ធ្វើឲ្យការប្រកួតបញ្ចប់ដោយជោគជ័យ។ ពិសេសសហព័ន្ធបានសង្កេតឃើញកម្រិតសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការិនីម្នាក់ៗ មានការវិវឌ្ឍន៍រីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។

ទន្ទឹមជាមួយគ្នាលោក កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានសហព័ន្ធ បានថ្លែងកោតសរសើរ និងបានជំរុញឲ្យកីឡាករ-កីឡាការិនី រួមទាំងមន្ដ្រីគណៈកម្មការបច្ចេកទេសទាំងអស់ ត្រូវខិតខំពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដ្បិតប្រភេទកីឡាទោចក្រយាននេះ នឹងត្រូវរៀបចំការប្រកួតនៅខេត្តសៀមរាបផ្ទាល់តែម្ដង៕