(ភ្នំពេញ)៖ ក្លិបបាល់ទាត់បឹងកេត បានប្រកាសចុះកិច្ចព្រមព្រៀង ស្ដីពីភាពជាដៃគូសហការជាមួយក្លិបក្របខណ្ឌលីគកំពូលជប៉ុន Shonan Bellmare ដោយផ្ដោតលើកិច្ចសហការ ៥ចំណុច។ នេះបើយោងតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមនាគខៀវ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នេះ។

ចំពោះកិច្ចសហការទាំង ៤ចំណុច រវាងអតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៤សម័យ ជាមួយក្រុមចំណាត់ថ្នាក់លេខ១៦ នៃក្របខណ្ឌ J1 League ឆ្នាំ២០២១ នេះ រួមមាន៖

១-ការផ្លាស់ប្តូរដ៏មានតម្លៃនៃក្រុមឈុតធំ ដែលផ្តោតសំខាន់លើការផ្ទេរកីឡាករ, ការបញ្ជូនបុគ្គលិក និងការគាំទ្រដល់ការបោះជំរុំហ្វឹកហាត់ជាដើម ។
២-ការផ្លាស់ប្តូរគ្នានូវថ្នាលបណ្តុះបណ្តាលយុវជន ដែលផ្តោតសំខាន់លើ ការចូលរួមក្នុងការបណ្តុះបណ្តាលរបស់កីឡាករ បុគ្គលិកនៃក្រុមគ្រូបង្គោល និងការចូលរួមក្នុងការប្រកួតនៃក្រុមទាំងពីរ។
៣-ការចែករំលែកព័ត៌មាន ដែលផ្តោតសំខាន់ជុំវិញព័ត៌មាននៃកីឡាកររបស់ក្រុមទាំងពីរ ក្រុមការងារគ្រូបង្គោល ព័ត៌មាននៃការប្រកួតនានា និង វិធីសាស្រ្តបណ្តុះបណ្តាលជាដើម។
៤-កិច្ចសហប្រតិបត្តិការអាជីវកម្ម ដែលផ្តោតសំខាន់ជុំវិញ ការលក់លើកញ្ចប់ឧបត្ថម្ភ ការលក់សំបុត្រ ការលក់សម្ភារៈអនុស្សាវរីយ៍ ការរៀបចំការកំសាន្ត និងការផ្សារភ្ជាប់ជាមួយនឹងអ្នកគាំទ្រ ។

នេះគឺជាជំហានថ្មីមួយទៀត ដែលក្លិបនាគខៀវបឹងកេត បានបង្កើនកិច្ចសហការលើឆាកអន្ដរជាតិ ពិសេសក្លិបក្របខណ្ឌលីគកំពូលជប៉ុន ដែលជាលីគអាជីពកម្រិតខ្ពស់មួយនៅអាស៊ី ។ កិច្ចព្រមព្រៀងនេះ មានសុពលភាព ២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ដំណាក់ខែមករា ឆ្នាំ២០២៤៕