(ភ្នំពេញ)៖ លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបបាល់ទាត់វិសាខា ថា កីឡដ្ឋានព្រីនស៍របស់ខ្លួន កំពុងវិវឌ្ឍន៍ទៅរកស្ដង់ដារសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ហើយ ពិសេសត្រៀមជាស្រេច ដើម្បីទទួលធ្វើម្ចាស់ផ្ទះការប្រកួតពានរង្វាន់ AFF U23 Championship 2022 នាខែកុម្ភៈខាងមុខ។

អគ្គលេខាធិការក្លិបខាងលើបានបញ្ជាក់ថា មកទល់ពេលនេះកីឡដ្ឋានមានមូលដ្ឋាននៅហ្គ្រេនភ្នំពេញមួយនេះ បានរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួនបន្ថែម ដើម្បីគម្រប់នូវលក្ខខណ្ឌស្ដង់ដាររបស់កីឡដ្ឋានបាល់ទាត់អាជីព ដែលអាចបង្កើតនូវព្រឹត្តិការណ៍អន្ដរជាតិបាន ដូចជាការប្រកួតក្របខណ្ឌ AFF ឬ AFC Cup ជាដើម។

លោកបន្ដថា «ក្រោមការត្រួតពិនិត្យរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ានចំនួន ២ដងរួចមកហើយ គឺកីឡដ្ឋានរបស់យើងមានគ្រប់លក្ខខណ្ឌដែល AFF អាចរៀបចំការប្រកួតនេះបាន (AFF U23)។ អាស្រ័យនេះហើយ បានជាខាង AFF សម្រេចយកកីឡដ្ឋានព្រីនស៍ គឺជាទឹកដីសម្រាប់ការប្រកួតពានរង្វាន់ AFF U23 Championship 2022 នាខែក្រោយ»

អតីតគ្រូបង្វឹក និងកីឡាករជម្រើសជាតិដដែលបន្ថែមថា «មកពេលនេះ យើងនៅខ្វះតែមួយទេដែលយើងកំពុងតែបន្ថែម គឺប្រតិបត្តិការបន្ថែមកម្លាំងភ្លើង ដែលមកដល់ពេលនេះ យើងធ្វើបាន ៨០% ដែលកំពុងរៀបចំដាក់ និងលើកដំឡើង។ ចឹងបានសេចក្ដីថា កីឡដ្ឋានព្រីនស៍របស់យើង សម្រាប់ការប្រកួតអន្ដរជាតិក្រោយៗទៀត គឺគ្រប់តាមស្ដង់ដាររបស់ AFF ក៏ដូចជា AFC ផងដែរ»

គួរដឹងថា កីឡដ្ឋានព្រីនស៍ របស់ក្លិបបាល់ទាត់វិសាខា ត្រូវបាន AFF សម្រេចជ្រើសរើសជាមួយពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីរៀបចំការប្រកួតពានរង្វាន់ AFF U23 Championship 2022 ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៤-២៦ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ ដោយកម្ពុជាស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ខណៈពូល B មានឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ និងពូល C មានថៃ វៀតណាម និងសិង្ហបុរី៕