(បរទេស)៖ បទចម្រៀងកំសាន្តបែបកុមារ ដែលមានចំណងជើងថា «Baby Shark» បានក្លាយជាវីដេអូដែលមានចំនួនអ្នកចូលមើលច្រើនបំផុតលើ YouTube នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ ហើយមួយឆ្នាំក្រោយមក វាបានបន្តបំបែកកំណត់ត្រា រហូតក្លាយជាវីដេអូដំបូងបំផុតលើ YouTube មានការចូលទស្សនារហូតដល់ខ្ទង់ ១០ពាន់លានដងឯណោះ ដែលជាចំនួនមួយខ្ពស់ជាងមុនថែមទៀត និងមិនធ្លាប់មានពីមុនមកទេ នៅក្នុងប្រវត្តិសាស្ត្រ YouTube។

បទចម្រៀងបែបកុមារដ៏មានការពេញនិយមមួយនេះ គឺត្រូវបានបង្កើតឡើងដោយស្ថាប័នអប់រំមួយ របស់កូរ៉េខាងត្បូងឈ្មោះថា «Pinkfong» និងសម្តែងដោយតារាចម្រៀងជនជាតិកូរ៉េ កាត់អាមេរិកឈ្មោះថា Hope Segoine ព្រមទាំងបញ្ចេញជាផ្លូវការក្នុងឆ្នាំ២០១៦។

ក្រៅពីបទចម្រៀង «Baby Shark» ដែលជាវីដេអូមានចំនួនអ្នកមើលច្រើនបំផុតលើ YouTube ហើយនោះ បន្ទាប់ទៀតមានដូចជា បទចម្រៀង «Despacito» របស់តារាចម្រៀង Luis Fonsi មានចំនួនមើលខ្ទង់ ៧.៧ ពាន់លានដង, បទ «Johny Johny Yes Papa » មានចំនួនមើលខ្ទង់ ៦.១ពាន់លានដង, បទ «Shape of You» មានចំនួនមើលខ្ទង់ ៥.៥៨ ពាន់លានដង ក៏ដូចជាបទ «See You Again» មានចំនួនមើលខ្ទង់ ៥.៣៨ពាន់លានដងផងដែរ។

គួរជម្រាបថា បទចម្រៀងដ៏ល្បីល្បាញបែបកុមារ «Baby Shark» ក្រៅតែពីបានបំបែកកំណត់ត្រា បានក្លាយជាវីដេអូដំបូងបំផុត ដែលទទួលបានចំនួនមើលក្នុង YouTube ដល់ទៅខ្ទង់ ១០ពាន់លានដងហើយនោះ វាក៏បានក្លាយជាវីដែអូ ដែលមានចំនួនអ្នកចុច Like ច្រើនបំផុតក្នុង YouTube ដូចគ្នា៕