(ក្រុងឡុងដ៍)៖ ខ្សែការពារ Sead Kolasinac ដែលមានតម្លៃពលកម្មប្រមាណ ១០ម៉ឺនផោន ស្មើនឹងជាង ១៣ម៉ឹនដុល្លារក្នុង ១សប្តាហ៍នោះត្រូវបានក្លិបកាំភ្លើងធំ Arsenal សម្រេចផ្ទេរទៅឲ្យក្លិបបារាំង Marseille ផ្លូវការហើយដោយគ្មានតម្លៃខ្លួនឡើយ។

Kolasinac ស៊ីថ្លៃជាងគេឈរនៅលំដាប់ទី៣ ក្នុងចំណោមខ្សែការពាររបស់ Arsenal ដ្បិត Ben White ទទួលបាន ១២ម៉ឺនផោន ឈរនៅលំដាប់លេខ១ និងលេខ២ គឺ Kieran Tierney ទទួលបាន ១១ម៉ឺនផោនក្នុង ១សប្តាហ៍។

កីឡាករអន្តរជាតិបូស្នីខាងលើនេះ នៅសល់កិច្ចសន្យាត្រឹមតែ ៦ខែទៀតប៉ុណ្ណោះនៅទឹកដី Emirates របស់ Arsenal ក្នុងចំណោមកិច្ចសន្យា ៥ឆ្នាំរបស់គេ ដ្បិតកាំភ្លើងធំបញ្ចេញរូបគេចេញដោយមិនគិតពីតម្លៃខ្លួននោះទេត្រឹមខែមករា ឆ្នាំ២០២២ នេះ។

មួយវិញទៀត Kolasinac ក៏ទើបចប់កិច្ចសន្យាខ្ចីជើងទៅកាន់ក្លិបចាស់ Schalke ផងដែរ ដែលជាក្លិបត្រូវបាន Arsenal យករូបគេមកលេងនៅ Premier League នាឆ្នាំ២០១៧ មក និងព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យ Marseille ដល់បំណាច់ឆ្នាំ២០២៣ បន្តទៀតដែរ។

Sead Kolasinac បានចូលលេង ១១៨ប្រកួតសម្រាប់ Arsenal និងជាអ្នករកបានគ្រាប់បាល់បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ទល់នឹងតោខៀវ Chelsea ក្នុងពាន FA Community Shield និងជាខ្សែការពារដែលរួមចំណែកជួយ Arsenal គ្រងជើងឯកពាន League Cup នៅពេលលេងឈ្នះ Leeds United ក្នុងលទ្ធផល ២-០ កាលខែតុលា ឆ្នាំ២០២១ ផងដែរ៕