(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បាននាំយកនូវគ្រឿងឧបភោគបរិភោគ ដែលមាន អង្ករ មី ត្រីខកំប៉ុង ទឹកស៊ីអ៊ីវ ព្រមទាំងសម្ភារៈប្រើប្រាស់ដូចជា ម៉ាស អាល់កុល និងសម្ភារៈសិក្សាមាន កាតាបសៀវភៅសរសេរ ខ្មៅដៃ ឧបត្ថម្ភដល់អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និង សហគមន៍ក្រីក្រ (SPFCO) ដែលមានទីតាំងស្ថិតនៅក្នុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើម្បីជួយសម្រួលដល់ជីវភាពរបស់កុមារកំព្រា និងកុមារក្រីក្រជាច្រើននាក់ ក៏ដូចជាគ្រួសារក្រីក្ររបស់ពួកគេ ព្រមទាំងជួយសម្រួលបន្ទុកដល់អង្គការមួយចំនួនធំផងដែរ ខណៈដែលកុមារទាំងនោះមួយចំនួនធំ បាននិងកំពុងតែទទួលការទំនុកបម្រុង សម្រាប់ការរស់នៅ និងកាសិក្សាពីអង្គការ។

ពិតណាស់ថាការអប់រំគឺជាគ្រឹះអភិវឌ្ឍធនធានមនុស្ស សង្គមជាតិ និងពិភពលោក ដែលការអប់នេះក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ នៃការងារទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភជាជំនួយ ដើម្បីឆ្លើយតបទៅនិងតម្រូវការលំបាកដែលសង្គមកំពុងប្រឈមជាក់ស្ដែង។ ជាក់ស្ដែងដោយមើលឃើញពីភាពលំបាក សម្រាប់ការរស់នៅ សុខុមាលភាព ស្បៀងសម្រាប់បរិភោគប្រចាំថ្ងៃ និងកង្វះខាតសម្ភារៈសិក្សារៀនសូត្ររបស់កុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះក្នុងស្ថានភាពលំបាកនេះ ទើបក្រុមហ៊ុនបាននាំយកនូវស្បៀងអារហារ និងសម្ភារៈសិក្សាមួយចំនួន ឧបត្ថម្ភដល់អង្គការជួយសង្រ្គោះ គ្រួសារក្រីក្រ និងសហគមន៍ក្រីក្រ ដើម្បីដោះស្រាយស្ថានភាពលំបាកនាពេលនេះ។

ទាក់ទងនិងកម្មវិធីនំាយក និងការឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ សម្ភារៈសិក្សានេះ កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនបានចូលរួមទៅលើកម្មវិធីជាច្រើនដែល រួមមាន៖ «កម្មវិធីអង្ករប្តូរយកឱកាសសិក្សារបស់ក្មេងៗរើសសំរាមនៅសហគមន៍ក្រីក្រស្ទឹងមានជ័យ ភ្នំពេញ អង្ករប្ដូរយកសំរាម នៅខេត្តសៀមរាប ហើយថ្មីៗនេះ គឺកម្មវិធីអង្ករបានបន្តការសិក្សានៅរបស់កុមារកំព្រា និងកុមារក្រីក្រនៅ ខេត្តកំពង់ចាម -ល-»

ក្នុងបរិយាកាសដ៏រំភើបរីករាយក្នុងការប្រគល់ និងទទួលអំណោយនេះ លោក ឃិន ប៊ុនថន គឺជាប្រធានអង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និង សហគមន៍ក្រីក្រ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ថា «សូមអរគុណដល់ បុរី ប៉េង ហួត ដែលបានឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងសម្ភារៈសិក្សាទាំងអស់នេះដល់សហគមន៍យើងខ្ញុំក្នុងស្ថានដ៏លំបាកនាពេលនេះ។ ជំនួយទាំងអស់នេះគឺពិតជាចូលរួម ដោះស្រាយស្ថានភាពលំបាកនាពេលនេះ បានមួយរយៈពេលវែង ក៏ដូចជាអាចឲ្យក្មេងៗនៅទីនេះ មានស្បៀងសម្រាប់បរិភោគ និងបន្តការសិក្សារៀនសូត្រទៅមុខទៀត ខណៈបច្ចុប្បន្ននេះយើងខ្ញុំ កំពុងត្រូវការការជួយគាំទ្រដល់កុមារកំព្រា និងកុមារក្រីក្រជាច្រើននាក់ ដើម្បីទំនុកបម្រុងដល់ការរស់នៅ អាហារបរិភោគប្រចាំថ្ងៃ ការអប់រំ ដល់ពួកគេឳ្យបានរៀនសូត្រគ្រប់ៗគ្នាជាបន្តទៀតនៅក្នុងសហគមន៍នេះ»

លោកបន្ដថា «ម្យ៉ាងទៀតកុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះ គឺត្រូវការជំនួយឧបត្ថម្ភបន្តទៀតពីសម្បុរសជន ទោះបីតិចក្ដី ច្រើនក្ដី ដើម្បីអាចឲ្យពួកគេ ឲ្យបន្តលូតលាស់ ជាពិសេសអាចបន្តការរៀនសូត្រទៅមុខទៀត ឲ្យបានចប់ចុងចប់ដើម ដើម្បីឈានទៅសម្រចគោលបំណងរបស់ពួកគេនៅថ្ងៃអនាគត»

កុមារីម្នាក់ក្នុងចំណោមកុមារាកុមារីកំព្រា និងក្រីក្រជាច្រើននាក់ទៀត ក៏បានសំដែងនូវអំណរគុណប្រកបដោយអារម្មណ៍សប្បាយចិត្ត និងរំភើបថា៖ «សូមអរគុណខ្លាំងណាស់ដល់ក្រុមហ៊ុន ដែលបានចែកអំណោយស្បៀងអាហារ និងសម្ភារៈសិក្សាទាំងនេះមកពួកខ្ញុំ។ ពួកខ្ញុំត្រូវការជំនួយឧបត្ថម្ភផ្សេងៗទៀត ហើយខ្ញុំត្រូវការភាពកក់ក្ដៅ សេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ពីបងប្អូនទាំងអស់គ្នា ព្រោះខ្ញុំមិនមានឪពុកម្ដាយនៅជាមួយខ្ញុំទេ ហើយរាល់ថ្ងៃខ្ញុំនៅតែជាមួយយាយទេ»

លោក ចាន់ រដ្ឋា ប្រធានកិច្ចការសាធារណៈជាន់ខ្ពស់ និងជាតំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប បានបង្ហាញនូវមាតិសំណេះសំណាល ប្រកបដោយសេចក្តីរីករាយ និងក្ដីសង្ឃឹមចំពោះអនាគតរបស់កុមារកំព្រា និងកុមារក្រីក្រថា «ក្រុមហ៊ុនមានកិត្តិយស និងសេចក្តីសោមនស្សយ៉ាងខ្លាំងដែលបានចូលរួមក្នុងកិច្ចការនេះ ជាពិសេសបានចុះមកជួបផ្ទាល់ និងឃើញនូវទិដ្ឋាភាពនៅទីតាំងនេះ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និងសហគមន៍ក្រីក្រ ព្រមទាំងក្រុមការងារដែលបានខិតខំប្រឹងប្រែងមិនគិតពីការនឿយហត់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ»

លោកបន្ដថា «យើងខ្ញុំសង្ឃឹមថាការឧបត្ថម្ភទាំងនេះ នឹងជួយសម្រួលដល់ជីវភាពរបស់កុមារកំព្រា និងកុមារក្រីក្រទាំងអស់នេះ ព្រមទាំងគ្រួសារក្រីក្ររបស់ពួកគេ បានមួយរយៈពេលវែង ទោះបីជាអំណោយមិនច្រើនក្ដី ដែលអាចឲ្យពួកគេផ្តោតលើការសិក្សាបន្តទៀតបាន ហើយយើងក៏សង្ឃឹមទៀតថា ពួកគេនឹងក្លាយទៅជាធនធានមនុស្សដ៏ល្អ និងជាទំពាំងស្នងឬស្សីនាពេលអនាគត។ សូមជូនពរក្មួយទាំងអស់គ្នាទទួលបានសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ឲ្យបានច្រើនពីមជ្ឈដ្ឋានជុំវិញ និងសូមឲ្យក្មួយៗអត់ធ្មតចំពោះស្ថានភាពលំបានដែលក្មួយកំពុងប្រឈមបច្ចុប្បន្ន។ ព្យាយាមប្រឹងប្រែងបន្តការរៀនសូត្រឱ្យបានច្រើនទៀត ដើម្បីសម្រេចក្ដីសម្រៃរបស់ខ្លួនឯងទៅថ្ងៃមុខ ហើយក៏សូមជូនពរក្មួយៗទទួលបានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងអាចជំនះបានរាល់ស្ថានភាពលំបាកៗ»

សូមបញ្ជាក់ផងដែរថា អង្គការជួយសង្រ្គោះគ្រួសារក្រីក្រ និង សហគមន៍ក្រីក្រ (SPFCO) គឺមានទីតាំងស្ថិតនៅក្នុងភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរខេត្តកំពង់ចាម ដែលបច្ចុប្បន្នមានគ្រូស្ម័គ្រចិត្តចំនួន ៤នាក់ ព្រមទាំងកុមារកំព្រា និងកុមារក្រីក្រ ទាំងអស់ប្រមាណជិត ៧៥នាក់ ដែលបាននិងកំពុងតែទទួលបាន ការទំនុកបម្រុងលើការបរិភោគអាហារប្រចាំថ្ងៃ និងការសិក្សារៀនសូត្រពីអង្កការផ្ទាល់។ ទទ្ទឹមនឹងនេះផងដែរ សព្វថ្ងៃកុមារទាំងអស់នៅទីនោះ គឺកំពុងត្រូវជំនួយឧបត្ថម្ភជាអាហារបរិភោគប្រចាំថ្ងៃ និងសម្ភារៈសិក្សាមួយចំនួនទៀតផងដែរ ពីសម្បុរសជននានា។

សូមរំលឹកផងដែរថា ពាក់ព័ន្ធការងារអប់រំនេះ កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភសាងសង់សាលារៀនៅតាមបណ្តាខេត្តនានា ការផ្តល់អាហារូបករណ៍ ដល់និសិ្សតក្រីក្រ ការផ្តល់ឱកាសហាត់ការងារ និងឱកាសការងារដល់សិស្សនិស្សិត ក៏ដូចជាការចែកសម្ភារៈសិក្សា ដល់សិស្សនិស្សិតក្រីក្រនៅបណ្ដាខេត្តនានាផងដែរ -ល-៕