(ឌូឡា)៖ អាល់ហ្សេរី ដែលជាក្រុមការពារតំណែងជើងឯកពាន Africa Cup of Nations នោះ បានជ្រុះចេញពីពានរង្វាន់ ២ឆ្នាំម្តងនេះហើយត្រឹមវគ្គចែកពូលក្នុងពូល E ដែលមាន ២៤ក្រុមប៉ុណ្ណោះ។

អាល់ហ្សេរី ដែលមានកីឡាករជើងខ្លាំង Riyad Mahrez កំពុងប្រកបអាជីពក្នុងក្លិប Manchester City ផងនោះ បន្តលេងចាញ់កូដឌីវ័រ ៣-១ ក្នុងប្រកួតទី៣ បិទពូល E របស់ពួកគេ ដោយរកបានតែ ១ពិន្ទុបញ្ចប់ចំណាត់ថ្នាក់បាតតារាង ក្នុងចំណោមលេង ៣ប្រកួតមិនដែលឈ្នះសោះ ក្រៅពីស្មើ១ និងចាញ់ ២ប្រកួត។

ក្រុមដែលត្រូវការឈ្នះជាចាំបាច់ ដើម្បីមានឱកាសឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនោះ បានរបូត ២គ្រាប់ភ្លាមៗពីការធ្វើបានសម្រេចរបស់កីឡាករ Franke Kessie និងតែតបញ្ចូលទីរបស់ Ibrahim Sangare មុនពេល Niccolas Pepe ដែលកំពុងលេងឲ្យក្លិប Arsenal រកបានគ្រាប់ទី៣ ឲ្យកូដឌីវ័រ នៅមុនពេលប្រធានក្រុម Riyad Mahrez ទាត់បាល់ ១១ម៉ែត្រអត់ចូលទៀតនៅវគ្គទី២ និងត្រូវរង់ចាំដល់នាទី៧៣ ផងដែរទើប Sofiane Bendebka រកបានតែ ១គ្រាប់រហូតចប់ការប្រកួតពេញម៉ោង ៩០នាទី។

ក្រុមរបស់លោក Djamel Belmadi គឺជាក្រុមទី៣ ដែលបានជ្រុះចេញពី CAF Africa Cup of Nations ដ៏លឿនបំផុត ក្នុងចំណោមយុទ្ធនាការ ២ឆ្នាំម្តងក្នុង ៥សម័យកាលចុងក្រោយនេះ៕