(ភ្នំពេញ)៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលជាស្ថាប័នអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានប្រារព្ធខួប ១៧ ឆ្នាំ នៃការកកើត និងការរួមចំណែកដល់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា។

ការអាចបន្តដំណើរការបានយ៉ាងច្រើនឆ្នាំរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ហើយថែមទាំងអាចរក្សាតួនាទីសំខាន់របស់ខ្លួនក្នុងវិស័យនេះ មិនមែនជាសមិទ្ធិផលធម្មតានោះទេ ដោយហេតុថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ដោយមានបុគ្គលិកត្រឹមតែ ៥ នាក់ និងសិស្ស ៤៥ នាក់ប៉ុណ្ណោះ។ ពីមួយឆ្នាំទៅមួយឆ្នាំ មជ្ឈមណ្ឌលបាននិងកំពុងរីកចម្រើនជាបន្តបន្ទាប់ ទោះបីស្ថិតក្នុងគ្រាលំបាកណាមួយក៏ដោយ។

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្ដោតសំខាន់ទៅលើការបណ្ដុះបណ្ដាលភាសាអង់គ្លេស ភាសាចិន និងភាសាថៃ ព្រមទាំងភាសាជាច្រើនទៀតនាពេលអនាគត។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រូវបានទទួលស្គាល់ជាមជ្ឈមណ្ឌលប្រឡងតេសស្តង់ដា TOEFL iBT និងថ្នាក់បណ្តុះបណ្តាលគរុកោសល្យគ្រូបង្រៀន (TESOL House) ដែលទទួលស្គាល់ដោយចក្រភពអង់គ្លេស។

សព្វថ្ងៃនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានសិស្សជាង ៧០០០ នាក់ ព្រមទាំងមានលោកគ្រូ អ្នកគ្រូ និងបុគ្គលិកចំនួន ១៤០០ នាក់ដែលកំពុងតែសិក្សា និងធ្វើការនៅទូទាំងសាខាទាំង ៦ របស់ខ្លួន ដែលនេះធ្វើឱ្យ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ក្លាយជាគ្រឹះស្ថានផ្តល់សេវាអប់រំដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានប្រសាសន៍ថា ល្បឿននៃការរីកលូតលាស់របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺពិតជាលឿនមែនទែន ដែលបានជួយឱ្យមជ្ឈមណ្ឌលនេះ រួមចំណែកបានកាន់តែច្រើនទៅនៅក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

អ្នកឧកញ៉ាបានថ្លែងថា៖ «នៅពេលដែល មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានបោះជំហានចូលមកក្នុងប្រទេសកម្ពុជាកាលពី ១៧ ឆ្នាំមុន យើងជឿជាក់ថា សាលានេះនឹងមានការរីកលូតលាស់ ហើយគិតមកត្រឹមថ្ងៃនេះ យើងបានឃើញថា វាបានក្លាយជាការពិត ដោយសារមជ្ឈមណ្ឌលភាសា បានបណ្តុះបណ្តាលសិស្សជាង ៥ ម៉ឹននាក់ ដែលអាចនិយាយភាសាអង់គ្លេស ចិន ឬថៃបាន»

សហគ្រិនដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនាញផ្នែកសុខាភិបាល និងអប់រំដ៏ល្បីល្បាញរូបនេះបានបន្ថែមថា ដំណើររយៈពេល ១៧ ឆ្នាំ គឺពិតជាវែងនិងសម្បូរទៅដោយបញ្ហាប្រឈម ប៉ុន្តែ មជ្ឈមណ្ឌលភាសា អេ អាយ អាយ នៅតែអាចឈានមករកកេរ្តិ៍ឈ្មោះដ៏ល្បីដូចសព្វថ្ងៃនេះ ដោយសារតែមានការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់បុគ្គលិកទាំងអស់។

លោកមានប្រសាសន៍ទៀតថា៖ «ខ្ញុំជឿជាក់ថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងបន្តនៅទីនេះជាអចិន្ត្រៃយ៍ ដើម្បីបន្តផ្តល់ការអប់រំភាសាដែលកម្ពុជា និងប្រជាជនកម្ពុជាត្រូវការ»

លោកបន្ថែមទៀតថា៖ «នៅសតវត្សរ៍ទី ២១ ដើម្បីតាមទាន់ប្រទេសជិតខាងអន្តរជាតិរបស់យើង អ្នកត្រូវនិយាយច្រើនភាសា ដែលនឹងផ្តល់ឱ្យអ្នកនូវអត្ថប្រយោជន៍ក្នុងការទំនាក់ទំនង ពាណិជ្ជកម្ម និងនយោបាយ។ ជំនាញភាសាទាំងនេះនឹងនាំកម្ពុជាទៅកម្រិតខ្ពស់ជាងនេះមួយទៀត»

ចំពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានវាយលុកប្រទេសកម្ពុជា និងធ្វើឱ្យវិស័យអប់រំរបស់ខ្លួនជួបការលំបាកក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បាននិងកំពុងដើរតួនាទីឈានមុខគេក្នុងនិន្នាការថ្មីនៃការសិក្សាពីចម្ងាយ ជាមួយនឹងវិធីសាស្ត្រសិក្សាតាមអនឡាញប្រកបដោយប្រសិទ្ធភាព។

បើតាមលោក ឡាយ សុភា ជាប្រធាននៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានឲ្យដឹងថា ជោគជ័យរបស់សាលាក្រោមការដឹកនាំរបស់លោកក្នុងការសិក្សា «តាមបែបគន្លងថ្មី» គឺជាផ្លែផ្កានៃការរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាំងពីគ្រូរហូតដល់ឪពុកម្តាយ។

លោកបានថ្លែងថា៖ «ក្នុងឱកាសគម្រប់ខួប ១៧ឆ្នាំ របស់យើង ខ្ញុំសូមថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ និងបុគ្គលិករបស់យើង ដែលបានបង្ហាញការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍វិស័យអប់រំ ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនៃការរីករាលដាលនៃជំងឺកូវីដ-១៩»

លោកបន្តទៀតថា៖ «ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះមាតាបិតាសិស្សរបស់យើង សម្រាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេ ដើម្បីធានាថាកូនៗរបស់ពួកគាត់អាចទទួលបានបទពិសោធន៍សិក្សាដ៏ល្អបំផុត ក្នុងអំឡុងពេលលំបាកនេះ»

មជ្ឈមណ្ឌលភាសា អេ អាយ អាយ រួមជាមួយនឹងសាលាចំណេះដឹងទូទៅ អន្តរទ្វីប អាមេរិកាំង (AIS) ដែលជាប្អូនបង្កើតរបស់ខ្លួន គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់សាជីវកម្ម ម៉េងលី ជេ. គួចអេឌ្យូខេសិន (MJQE)។

បច្ចុប្បន្ននេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ កំពុងតែដំណើរការសាខាចំនួន ៦ ក្នុងរាជធានីភ្នំពេញ និងសាខាពីរទៀត ក្នុងខេត្តសៀមរាបនិងខេត្តតាកែវ ដែលនឹងមកដល់នាពេលខាងមុខ រួមមាន៖

* សាខាម៉ៅសេទុង (ការិយាល័យកណ្តាល), អគារលេខ ២២៣ និង ២២៧, មហាវិថីម៉ៅសេទុង, សង្កាត់ទួលស្វាយព្រៃ, ខណ្ឌបឹងកេងកង, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា បង្កើតនៅឆ្នាំ២០០៥

* សាខាទួលគោក ដែលមានទីតាំងនៅផ្លូវ ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (ទល់មុខសាលាបឋមសិក្សាទួលគោក) បង្កើតនៅឆ្នាំ២០១៤

* សាខាចាក់អង្រែ មានទីតាំងនៅអគារ 824 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយណ៍ ក្រុងតាខ្មៅ ឬសាខាកណ្តាល) បង្កើតនៅឆ្នាំ ២០១៥

* សាខាចោមចៅ អគារលេខ 222 ផ្លូវវេងស្រេង ភូមិជ្រៃគង់កោង សង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កើតនៅឆ្នាំ២០១៩

* សាខាផ្សារថ្មី អគារលេខ 1C និង 13D ផ្លូវលេខ 53 កែងផ្លូវ 154 សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កើតនៅឆ្នាំ២០១៩

* សាខាជ្រោយចង្វារ អគារលេខ 158JKLM ផ្លូវជាតិលេខ 6A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បង្កើតនៅឆ្នាំ២០១៩

* សាខាខេត្តសៀមរាប (មកដល់នាពេលខាងមុខ) ផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ការចុះឈ្មោះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ

* សាខាខេត្តតាកែវ (មកដល់នាពេលខាងមុខ) ភូមិផ្សារតាកោ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ការចុះឈ្មោះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ៕