(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីនាមកម្ពុជា បានបញ្ជាក់ថា កីឡាករ-កីឡាការិនីធ្វើបានល្អ និងបន្ដខិតខំប្រឹង ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ អាចនឹងមានឱកាសបង្ហាញមុខលើទំព័រប្រវត្តិសាស្ដ្រ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ការអះអាងនេះ ស្របពេលសហព័ន្ធបានបើកយុទ្ធនាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ចាប់ពីថ្ងៃទី២៣-២៦ ខែមករា ឆ្នាំ២០២២ នៅទីលាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោកបានចាត់ទុកការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺជាឱកាសមួយដ៏ល្អ សម្រាប់កីឡាករ-កីឡាការិនីបង្ហាញសមត្ថភាព និងបច្ចេកទេស ដែលខ្លួនខិតខំហ្វឹកហាត់កន្លងមក។ លោកថា សហព័ន្ធគ្រាន់តែជាអ្នកតម្រង់ទិស តែបើកីឡាករ-កីឡាការិនីមិនខិតខំ ក៏មិនទទួលបានលទ្ធផលល្អដែរ ។ ហេតុនេះ ទើបសហព័ន្ធបានរំលេចពាក្យមួយឃ្លា ក្នុងវេទិកាប្រកួតជើងឯកជាតិខាងលើ ដើម្បីជាការដាស់ស្មារតីដល់ពួកគេឲ្យខំប្រឹង គឺ «កម្ពុជាឆ្ពោះទៅរកមេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២»

លោកបន្ដថា «នេះគឺជាការជំរុញមួយដ៏អ្នកល្អ អ្នកខិតខំប្រឹង ហើយយើងមិនគិតថា មកពីមជ្ឈដ្ឋានណាទេ មកពីខេត្តណា ឬបណ្ដាក្លិបណានោះទេ គឺយើងចង់ឲ្យអ្នកទទួលបានជយលាភីលេខ១ លេខ២ ឬលេខ៣ គាត់ដឹងថា គាត់នឹងមានឱកាស បើពួកគេបន្ដការធ្វើបានល្អទៀត ទី១-ការបញ្ចូលក្នុងក្រុមជម្រើសជាតិ និងទី២-ការបង្ហាញមុខលើទំព័រប្រវត្តិសាស្ដ្ររបស់កម្ពុជា។ ដូច្នេះហើយទើបយើងប្រើពាក្យថា ដំណើរឆ្ពោះទៅរកមេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីឲ្យពួកគេមានការចាប់អារម្មណ៍ និងខំប្រឹងបន្ថែមទៀត»

លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ ធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២២ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៨៦នាក់ មកពី ៩សមាគម/ក្លិប និងក្រសួង ក្នុងនោះមានកីឡាករ ៣៤នាក់ និងកីឡាការិនី ២៤នាក់ ដែលធ្វើការប្រកួតលើវិញ្ញាសាចំនួន ១៧វិញ្ញាសា ។ ទន្ទឹមជាមួយគ្នា សហព័ន្ធក៏បានជំរុញឲ្យអាជ្ញាកណ្ដាល-ចៅក្រម ត្រូវកាត់សេចក្ដីប្រកបដោយសច្ចភាព និងយុត្តិធម៌ផងដែរ ៕