(អាមេរិក)៖ ក្រុមហ៊ុន Microsoft បានរាយការណ៍ពីប្រាក់ចំណូល និងប្រាក់ចំណូលល្អប្រសើរជាងការរំពឹងទុកសម្រាប់ត្រីមាសចុងឆ្នាំ២០២១ ខណ:ដែលក្រុមហ៊ុនមួយនេះទើបតែប្រកាសទិញក្រុមហ៊ុនផលិតវីដេអូហ្គេម Activision Blizzard ក្នុងតម្លៃជិត ៦៩ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

យោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Microsoft បានឱ្យដឹងថា នៅត្រីមាសចុងឆ្នាំ២០២១ រកចំណូលបាន ៥១,៧៣ពាន់លានដុល្លារ អាមេរិក ខណ:ដែលការប៉ាន់ប្រមាណរបស់អ្នកវិភាគមានត្រឹមតែ ៥០,៨៨ពាន់លានដុល្លារអាមេរិក។ ប្រាក់ចំណូលនេះបើធៀបទៅនឹងឆ្នាំ២០១៩ បានកើនឡើង ២០ភាគរយ និងបើធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២១ កើនឡើង ២២ភាគរយ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ប្រាក់ចំណេញសុទ្ធនៅត្រីមាសចុងឆ្នាំ ទទួលបាន ១៨,៧៧ពាន់លាន ដុល្លារអាមេរិក និងបានកើនឡើង ២១ភាគរយ។

លោក Amy Hood ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Microsoft បានឱ្យដឹងថា ស្រពពេលដែល ពិភពលោកកំពុងជួបវិបត្តិកង្វះខាតបន្ទះឈីប និង កូវីដ១៩ បានធ្វើឱ្យអ្នកវិនិយោគមួយចំនួនបានព្រួយបារម្ភអំពីស្ថេរភាពហិរញ្ញវត្ថុ របស់ Microsoft ប៉ុន្តែលោកស្រីបានអះអាងថា នៅដើមឆ្នាំ២០២២នេះ គឺវាមានភាពល្អប្រសើរនោះទេ ហើយនៅត្រីមាសបន្ទាប់ក៏នឹងល្អ ប្រសើរ ផងដែរ។

សេវាកម្ម Cloud របស់ Microsoft គឺជាប្រភពចំណូលមួយខ្ពស់សម្រាប់ត្រីមាសចុងឆ្នាំ២០២១ ដោយទទួលបាន ១៨,៣៣ពាន់លានដុល្លារអាមេរិក និងបានកើនឡើង ២៥,៥ភាគរយ ជាពិសេសគឺទទួលបានលើសពីការរំពឹងទុករបស់អ្នកវិភាគ ខណ:ដែល ការលក់អាជ្ញាប័ណ្ណ Windows ក៏បានកើនឡើង ២៥ភាគរយផងដែរ៕