(កូរ៉េ)៖ ក្រុមចម្រៀងបុរសល្បីប្រចាំវិស័យ K-POP គឺ BTS និងរឿងភាគកូរ៉េល្បីល្បាញលើ Netflix គឺ «Squid Game» ត្រូវបានរាយការណ៍ថា នឹងតំណាងឲ្យកូរ៉េខាងត្បូង សម្រាប់កម្មវិធីប្រឡងពានរង្វាន់ល្បីប្រចាំឆ្នាំ នៅអាមេរិក «Art Directors Guild Awards» ហៅកាត់ថា ADG Awards សម្រាប់ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

ជារៀងរាល់ឆ្នាំ កម្មវិធី ADG Awards គឺធ្វើឡើងដោយមានការផ្តល់ពានរង្វាន់ដល់គំនិតនៃការបង្កើតថ្មី និងទទួលបានការគាំទ្រច្រើន ពីទស្សនិកជនទូទាំងពិភពលោក រួមមានភាពយន្ត, វីដេអូពាណិជ្ជកម្ម, វីដេអូចម្រៀង តន្រ្តីជាដើម។

BTS ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ក្នុងកម្មវិធីនេះ គឺតាមរយៈបទចម្រៀងរបស់ពួកគេចំណងជើងថា «My Universe» ដែលសហការជាមួយ តារាចម្រៀងរ៉កអង់គ្លេស Coldplay ខណៈវីដេអូក្នុងចម្រៀងនេះ គឺបានប្រើប្រាស់បច្ចេកវិទ្យានិម្មិត និងគំនិតច្នៃប្រឌិតយ៉ាងទាក់ទាញជាច្រើនទៀត។ ចំណែកឯរឿង «Squid Game» ដែលល្បីល្បាញខ្លាំងនៅលើ Netflix និយាយពីមនុស្សចំនួន ៤៥៥នាក់ ចូលរួមលេងហ្គេមដាក់ជីវិត នោះ ក៏ត្រូវបានតែងតាំងសម្រាប់មានរង្វាន់នេះផងដែរ ត្បិតរឿងនេះទាញបានចំណាប់អារម្មណ៍ទស្សនិកជនទូទាំងពិភពលោក ឲ្យជក់ចិត្តក្នុងការទស្សនាយ៉ាងច្រើនលើសលុប។

គួរជម្រាបថា កម្មវិធីពានរង្វាន់ កម្មវិធី ADG Award និងធ្វើឡើងនៅសណ្ឋាគារ InterCotinental ក្នុងទីក្រុង Los Angeles នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕