(ភ្នំពេញ)៖ តារាស្រីស្រស់ស្អាតនិងមានប្រជាប្រិយភាពក្នុងស្រទាប់យុវវ័យ កញ្ញា ស៉ីន យូប៊ីន ត្រូវបានជ្រើសរើសជាទូតសុច្ឆន្ទៈ ជាផ្លូវការរបស់ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលកញ្ញានឹងធ្វើការងារផ្សព្វផ្សាយពាណិជ្ជកម្ម និងចូលរួមសកម្មភាពនានារបស់ក្រុមហ៊ុន ខណៈពេល កញ្ញា ស៉ីន យូប៊ីន ចុះកុងត្រា និងចូលរួមក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់ នៅថ្ងៃទី២៦ ខែមករាឆ្នាំ២០២២។

កញ្ញា ស៉ីន យូប៊ីន គឺជាអតីត Freshie Girl លេខ១។ កញ្ញាប្តេជ្ញាចិត្ត ខិតខំបំពេញការងាររបស់ខ្លួនឲ្យល្អបំផុត ក្នុងនាមជាទូតសុច្ឆន្ទៈ ក្រុមហ៊ុន ជីប ម៉ុង រីថែល។ កញ្ញា ពិតជាមានកិត្តិយស និងរំភើប ចំពោះការងារថ្មី នៅដើមឆ្នាំ ២០២២នេះ ដែលធ្វើឲ្យការងាររបស់កញ្ញា ជោគជ័យមួយកម្រិតទៀតលើវិស័យសិល្បៈ។

កញ្ញា ក៏ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលបានជ្រើសរើសរូបកញ្ញាជាទូតសុច្ឆន្ទៈ។ កញ្ញា យូប៊ីន នឹងខិតខំអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យការងារថ្មីរបស់នាងដំណើរការរលូន។

ប្រឡូកនៅក្នុងវិស័យសិល្បៈជាច្រើនឆ្នាំ ចាប់តាំងពីនាងជាប់ជាស្រីស្អាត Freshie Girl លេខ១ កញ្ញា ស៉ីន យូប៊ីន ជាសិល្បការី មានជំនាញជាច្រើនវិស័យដូចជា តារាសម្តែងភាពយន្ត តារាបង្ហាញម៉ូត ហើយកញ្ញាក៏អាចច្រៀងបានទៀតផង។ បន្ថែមពីលើនេះ កញ្ញា យូប៊ីន អាចនិយាយភាសាបរទេសបានយ៉ាងស្ទាត់ជំនាញ ដូចជា ភាសាអង់គ្លេស និងភាសាថៃ ដែលធ្វើឲ្យសាធារណជន កោតសរសើរពីសមត្ថភាព និងចំណេះជំនាញរបស់កញ្ញា។

សូមបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង រីថែល ជ្រើសរើស កញ្ញា ស៉ីន យូប៊ីន ជាទូតសុច្ឆន្ទៈ ដោយជឿជាក់លើសមត្ថភាព និងប្រជាប្រិយភាពរបស់កញ្ញា ដែលជាបុគ្គលជាទីស្រលាញ់របស់មហាជន។ ម្យ៉ាងវិញទៀត កញ្ញាជាបុគ្គលដែលមានស្ទាយស្លៀកពាក់ស្អាតៗ ចូលចិត្តទិញអ៉ីវ៉ាន់នៅផ្សារទំនើប រួមទាំងជានិមិ្មត្តរូបរបស់យុវវ័យលើម៉ូតទាន់សម័យ។

ចំណែកកញ្ញាយូប៊ីន ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ដោយសារជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានជំនាញក្នុងវិស័យលក់រាយ ព្រមទាំងមានផលិតផលល្អ គុណភាពខ្ពស់ តម្លៃសមរម្យ រួមទាំងក្រុមហ៊ុន ជីប ម៉ុង រីថែល មានកិត្តិសព្ទល្អនៅក្នុងសង្គម។

បច្ចុប្បន្ន ក្រុមហ៊ុន ជីប ម៉ុងរីថែល ដំណើរការផ្សារទំនើបចំនួនបី គឺ ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើ និងផ្សារទំនើប ជីប ម៉ុង សែនសុខ ដែលទើបដំណើរការថ្មីៗ។ ក្រុមហ៊ុន ជីប ម៉ុង រីថែល នឹងបន្តបេសកកម្មរបស់ខ្លួនដើម្បីធ្វើឲ្យវិស័យលក់រាយនៅក្នុងប្រទេសកម្ពុជាកាន់តែល្អប្រសើរឡើង៕