(មេនឆេស្ទឺ)៖ អ្នកចាំទីក្លិប Manchester United កីឡាករ Dean Henderson បានលើកឡើងថា គ្រួសាររបស់លោកបានទទួលរងផលប៉ះពាល់ ដោយពាក្យចចាមអារ៉ាម «មិនសមរម្យ» និង «ឈឺចាប់» ស្តីពីរូបលោកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលលោកថា មានការជាប់ពាក់ព័ន្ធឈ្មោះរបស់លោក នៅក្នុង «ព័ត៌មានមិនពិតទាំងស្រុង» នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រព័ន្ធផ្សព្វផ្សាយសង្គមបានភ្ជាប់ឈ្មោះ Henderson ជាមួយនឹងរបាយការណ៍មួយដែលបានចេញផ្សាយលើកាសែត The Sun កាលពីថ្ងៃអាទិត្យ ស្តីពីការចាប់ខ្លួនកីឡាករលេងនៅលីគ Premier League ក្នុងឆ្នាំ២០១៩។
«ខ្ញុំមានគ្រួសារដែលរងផលប៉ះពាល់ដោយព័ត៌មាននេះ ដែលចង់ដាក់ពាក្យចចាមអារ៉ាមទាំងនោះចោល ហើយបន្តដំណើរទៅមុខ» នេះបើតាម Henderson វ័យ ២៤ឆ្នាំបានសរសេរនៅលើ Instagram។ «មិនគួរឲ្យជឿថា ខ្ញុំបានធ្វើរឿងនេះ ប៉ុន្តែខ្ញុំគ្រាន់តែចង់ដោះស្រាយពាក្យចចាមអារ៉ាមទាំងនោះ ដែលបានកើតឡើងលើខ្ញុំកាលពីប៉ុន្មានថ្ងៃមុន»។
លោកបន្ថែមថា «មនុស្សសោកសៅមួយចំនួននៅក្នុងពិភពលោកនេះ បានភ្ជាប់ឈ្មោះរបស់ខ្ញុំទៅនឹងរឿងមិនសមរម្យ, ឈឺចាប់ និងមិនពិតទាំងស្រុងឡើយ»។
គួរជម្រាបថា Henderson ដែលបានជាប់ឈ្មោះលេងឲ្យក្រុមជម្រើសជាតិអង់គ្លេស ១លើកនោះ បានលេង ៥ប្រកួតសម្រាប់ក្លិប United ក្នុងរដូវកាលនេះ៕