(បរទេស)៖ គណៈកម្មការរៀបចំកម្មវិធីប្រកួតប្រចាំឆ្នាំ នៃមហោស្រពភាពយន្តទីក្រុងកាន បានប្រកាសនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា ពួកគេបានសម្រេចធ្វើការហាមឃាត់ មិនឲ្យរាល់បេក្ខភាព ដែលមកពីប្រទេសរុស្ស៉ីចូលរួមប្រកួត សម្រាប់ឆ្នាំ២០២២នេះទេ ខណៈហេតុផល គឺដោយសារតែបញ្ហាសង្រា្គមនៅអ៊ុយក្រែន នាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Straits Times នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។

គណៈកម្មការរៀបចំកម្មវិធីបានឲ្យដឹងថា ពួកគេនឹងអនុញ្ញាតឲ្យបេក្ខភាពមកពីរុស្ស៉ីចូលរួមប្រកួតឡើងវិញ លុះត្រាតែសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែនបានបញ្ចប់ ជាមួយនឹងហេតុផលដែលសមរម្យអាចទទួលយកបាន សម្រាប់ប្រជាជនអ៊ុយក្រែន។

គួររំឭកថា មហោស្រពភាពយន្ត «Cannes Film Festival» ឬមហោស្រពភាពយន្ត អន្តរជាតិក្រុងកាន (Cannes នៅប៉ែកខាងត្បូងប្រទេសបារាំង) គឺជាមហោស្រពភាពយន្តដ៏ធំ និងចំណាស់មួយលើពិភពលោក ដែលមានអាយុកាល៧៥ឆ្នាំមកហើយ ពោលគឺត្រូវបានបង្កើតឡើង តាំងពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៤៦ មកម្ល៉េះ។ ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងជាប្រចាំ រៀងរាល់ឆ្នាំ នៅអំឡុងខែឧសភា ដោយមានការចូលរួមបង្ហាញស្នាដៃភាពយន្ត ឯកសារល្បីៗធំៗមកពីជុំវិញពិភពលោក៕