(មីឡាន)៖ ប៉ូលិសពន្ធដារអ៉ីតាលី បានរឹបអូសបានឯកសារជាច្រើន ដែលជាផ្នែកមួយនៃការស៊ើបអង្កេត របស់រដ្ឋអាជ្ញាទីក្រុង Turin នៃការចោទប្រកាន់លើគណនីក្លែងក្លាយ នៅឯក្លិបបាល់ទាត់សេះបង្កង់ Juventus ដែលលេងនៅលីគ Serie A។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

ឯកសារទាំងនោះ ត្រូវបានរឹបអូស នៅក្នុងការស៊ើបអង្កេតរបស់ប៉ូលិសនៅថ្ងៃពុធ នៅឯការិយាល័យក្រុមហ៊ុនច្បាប់ និងភ្នាក់ងារនាទីក្រុង Turin, Milan និងទីក្រុង Rome ដែលបានផ្តល់ព័ត៌មានណែនាំអំពីកញ្ចប់ប្រាក់ឈ្នួលកីឡាកររបស់ពួកគេ នៅរដូវកាលឆ្នាំ២០១៩-២០២០ និងឆ្នាំ២០២០-២០២១។

ក្លិប Juventus បានបដិសេធក្នុងការបកស្រាយលើបញ្ហានេះ។

ក្លិបដែលគ្រប់គ្រងដោយគ្រួសារឧស្សាហកម្ម Agnelli នេះបានលើកឡើងថា កាលពីពេលកន្លងទៅ ខ្លួនតែងតែប្រព្រឹត្តស្របតាមច្បាប់ និងសហការយ៉ាងពេញលេញជាមួយនឹងអាជ្ញាធរ។

ក្លិប Juventus ដែលមានមូលដ្ឋាននៅទីក្រុង Turin បានលាតត្រដាងនៅក្នុងឯកសារវិនិយោគមួយ កាលពីខែធ្នូ ដែលរដ្ឋអាជ្ញា ពិនិត្យមើលទៅលើគណនីហិរញ្ញវត្ថុរបស់ក្លិប ហើយក៏កំពុងពិនិត្យមើល លើលក្ខខណ្ឌនៃការលក់កីឡាករ Cristiano Ronaldo ទៅកាន់ក្លិប Manchester United ផងដែរ។

ភាគហ៊ុននៅក្នុងក្លិបបានធ្លាក់ចុះ ១.៦ភាគរយ គិតត្រឹមវេលាម៉ោងជាង ៩ព្រឹកថ្ងៃពុធនៅអ៉ីតាលី៕