(ភ្នំពេញ)៖ Water Garden ដែលជាសួនទឹកកម្សាន្តដ៏ធំ និងជាទីកន្លែងកម្សាន្តដ៏អស្ចារ្យមួយនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបើកសម្ពោធឱ្យដំណើរការឡើងវិញ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅទីតាំងផ្សារទំនើប អ៊ីអន សែនសុខ ដែលជាទីតាំងដ៏ល្អមួយក្នុងការបំពេញទៅតាមសេចក្តីបំណងប្រាថ្នា និងអារម្មណ៍រីករាយ របស់លោកអ្នក រួមទាំងការសម្ពោធជាផ្លូវការនូវ Lagoon Beach Club ដែលជាក្លឹបកំសាន្តក្នុងសួនទឹក ដើម្បីបំពេញភាពរីករាយជូនអតិថិជនគ្រប់វ័យផងដែរ។

សួនទឹកកំសាន្តដ៏ធំ រួមនឹង Lagoon Beach Club នេះ គឺជាកន្លែងកំសាន្តសម្រាប់អតិថិជនគ្រប់វ័យ លក្ខណៈគ្រួសារ មិត្តភ័ក្រ ជាក្រុម ឬឯកជនក៏បានទៅតាមសេចក្តី បំណងប្រាថ្នា។ ដោយក្នុងនោះមានបំរើសេវាកម្មដូចជា៖ សួនទឹក ល្បែងកំសាន្ត តូបលក់ចំណីអាហារគ្រប់ប្រភេទ និងមាន Club កំសាន្តដែលមាន DJ ល្បីៗ បទពិសោធន៍ ខ្ពស់ និងបទចំរៀងពិរោះៗ ដែលអាចជួយបាននូវការបន្ធូររាល់អារម្មណ៍តានតឹង និងកាត់បន្ថយស្ត្រេសផងដែរ ជាពិសេសគឺមានចំណតយានយន្ត ដ៏ធំទូលាយថែមទៀត។

បើតាមលោក Lev Budin អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន SUN Ace Entertainment Co.,Ltd លើគំរោងសួនទឹក Water Garden និង Lagoon Beach Club បានឱ្យដឹងថា ទីតាំងនៃសួនទឹក Water Garden នៅពេលនេះ គឺមិនមែនសម្រាប់តែកុមារទៀតទេ តែថែមទាំងមានសម្រាប់មនុស្សគ្រប់វ័យ គឺមានតន្ត្រីសម្រាប់ផ្តល់ជូនដល់ឪពុកម្តាយ ឬក្រុមគ្រួសារ ដែលនាំកូនៗមកកម្សាន្ត នៅសួនទឹកនេះ។ កន្លែងនេះក៏ជាកន្លែងបណ្តុំនៃវប្បធម៍ ដែរមិនមែនសម្រាប់តែការសប្បាយមួយមុខនោះទេ គឺថែមទាំងមាន ការបង្ហាញពីវប្បធម៏ប្រពៃណី សិល្បៈ ដែលជារបស់ខ្មែរ និងនិងបរទេស ហើយក៏មានការសម្តែងផ្សេងៗ ជាច្រើនទៀតជាប្រចាំថ្ងៃផងដែរ។

លោក Lev Budin បានបន្ថែមទៀតថា សម្រាប់សួនទឹកកម្សាន្ត Water Garden និង Lagoon Beach Club ជាទីតាំងដែលមានស្តង់ដារអន្តរជាតិ ដែលមានការចូល រួមសហការណ៍ ពីគ្រប់ផ្នែកទាំងអស់ ក្នុងគោលបំណងរួមដើម្បីបំពេញរាល់បដិសណ្ឋារកិច្ចឱ្យបានល្អឥតខ្ចោះជូនអតិថិជន និងមានសេវាកម្មសម្រាប់អតិថិជន ជាច្រើនក្នុងការចូលកម្សាន្តផងដែរ។

លោក អ៊ន ផល្លា អគ្គនាយកក្រុមហ៊ុន PANORAMA និងជាដៃគូសហការជាមួយ Lagoon Beach Club បានបញ្ជាក់ផងដែរថា ការដែលោកសម្រេចចូលរួមសហការនេះ គឺដោយមើលឃើញថា Lagoon Beach Club គឺមានបដិសណ្ឋារកិច្ចយ៉ាងល្អ និងមានផ្សារភ្ជាប់ជាមួយនឹងវប្បធម៍ និងទំលៀមទំលាប់ប្រពៃណី ដែលបានបង្ហាញពីបេះដូង និងជំនាញរបស់ខ្មែរទៅកាន់ភ្ញៀវបរទេស ហើយសម្រាប់ PANORAMA ដែលបានមកសហការនេះគឺផ្តោតសំខាន់ទៅការរៀបចំបដិសណ្ឋារកិច្ចប្រកបដោយជំនាញខ្ពស់ និងពោពេញទៅដោយបទពិសោធន៍ផងដែរ។

ក្លឹបកំសាន្ត Lagoon Beach Club នេះ ក៏មានការដើរម៉ូតនិងចូលសំដែងពីក្រុម Cambodia Beauty Collection របស់ក្រុមហ៊ុន Cyber Bear Co.,Ltd ដែលមានលោក Kenji Makita ជាអគ្គនាយកផងដែរ។

សូមបញ្ជាក់ដែរថា សួនទឹកកម្សាន្ត Water Garden និង Lagoon Beach Club មានសេវាកម្មសម្រាប់អតិថិជនជាច្រើន ក្នុងនោះដែរគិតចាប់ពីពេលល្ងាច ដល់ពាក់កណ្តាល យប់ រាល់ការចូលកម្សាន្តគឺមិនមានការគិតថ្លៃនោះទេ ដោយគិតថ្លៃលើអ្វីដែលភ្ញៀវបានទិញ ឬទទួលទានតែប៉ុណ្ណោះជាមួយនឹងតម្លៃសមរម្យបំផុត ហើយរាល់ការ ចូលកម្សាន្តពេលថ្ងៃគឺគិតតែលើមនុស្សធំ ក្នុងតម្លៃតែ៧ដុល្លារ ជាមួយនឹងការផ្តល់ជូនអាហារ និងភេសជ្ជៈ ហើយសម្រាប់កូនក្មេងកំពស់ក្រោម៨០cm មិនមានការគិតថ្លៃនោះទេ៕