(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Mitsubishi ដែលសហការរួមគ្នាជាមួយ Stellantis ក្នុងការផលិតរថយន្តនៅរោងចក្រមួយក្នុងប្រទេសរុស្ស៊ី ឥឡូវនេះបានប្រកាសផ្អាកការផលិត ដោយលើកហេតុផលថាមានបញ្ហាក្នុងការនាំចេញរថយន្ត និងជួបបញ្ហាការផ្គត់ផ្គង់គ្រឿងបន្លាស់ផ្សេងៗ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២។

ជាក់ស្តែងដំណើរការផលិតនៅក្នុងរោងចក្ររុស្ស៊ីនោះបានផ្អាកតាំងពីខែមីនា មកម្លេះ។ ខណៈដែលក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ជប៉ុនមួយនេះ បានចូលរួមជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតក្នុងការដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសរុស្ស៊ី រួមទាំងបង្កកទ្រព្យសម្បត្តិរបស់មេដឹកនាំប្រទេសនេះ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួនថែមទៀតផង។

គួរជម្រាបដែរថា ការលក់រថយន្តនៅក្នុងប្រទេសរុស្ស៊ីបានធ្លាក់ចុះចំនួន ៦៣ភាគរយនៅខែមីនា ដោយធ្លាក់ចុះក្នុងរយៈពេល ៩ខែជាប់គ្នា ខណៈដែលឧស្សាហកម្មផលិតរថយន្តទាំងពីរនេះកំពុងតែជួបប្រទះការខ្វះខាតជាខ្លាំងដែលបណ្តាលមកពីខ្សែសង្វាក់ផ្គត់ផ្គង់ បញ្ហាក្នុងការនាំចេញរថយន្ត និងមួយផ្នែកទៀតបណ្តាលមកពីសង្គ្រាមដែលកំពុងតែបន្តកើតមាន៕