(សេអ៊ូល)៖ ក្រុមហ៊ុន Hyundai Motor បានប្រកាសបង្ហាញប្រាក់ចំណូលសម្រាប់ត្រីមាសដំបូងឆ្នាំ២០២២ របស់ខ្លួនដែលទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក បន្ទាប់ពីការបង្កើនការលក់រថយន្តដែលមានតម្លៃខ្ពស់ដូចជាម៉ូដែលប្រណិត Genesis និងប្រភេទរថយន្ត SUV បើទោះបីជាមានការរំខានដល់ការផលិតដែលបណ្តាលមកពីខ្សែសង្វាក់ផ្គត់ផ្គង់ បូករួមទាំងបញ្ហាសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនក៏ដោយ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

Hyundai ជាក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង ដែលជាក្រុមហ៊ុនធំទី ៥របស់ពិភពលោករួមជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធ Kia បានឱ្យដឹងថាប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនបានឈានដល់ ១.៩ពាន់ពាន់លានវ៉ុន (ប្រហែល ១.៥ពាន់លានដុល្លាអាមេរិក) គិតត្រឹមខែមករា ដល់ខែមីនាបានកើនឡើងចំនួន ១៦.៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ រីឯប្រាក់ចំណូលរបស់ក្រុមហ៊ុន Hyundai បានកើនឡើងចំនួន ១០.៦ភាគរយ ឈានដល់ ៣០.៣ពាន់ពាន់លានវ៉ុន ខណៈដែលប្រាក់ចំណេញសុទ្ធបានកើនឡើង ១៦.៨ភាគរយ ឈានដល់ ១.៨ពាន់ពាន់លានវ៉ុន។

បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនបានលើកឡើងថា «បើទោះបីជាចំនួននៃការលក់រថយន្តបានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងដូចជាក្នុងត្រីមាសទី១នេះ ដោយសារតែកង្វះផលិតកម្មដែលបណ្តាលមកពីកង្វះការផ្គត់ផ្គង់ជាសកលនៃបន្ទះឈីប និងផ្នែកផ្សេងទៀតក៏ដោយ ក៏ប្រាក់ចំណេញប្រតិបត្តិការនៅតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងនោះមួយផ្នែកធំនៃកំណើននេះគឺបានមកពីរថយន្តប្រណិត Genesis និង ប្រភេទរថយន្ត SUV»

ទាក់ទងនឹងដំណើរការរបស់ក្រុមហ៊ុននៅក្នុងត្រីមាសបន្ទាប់ ក្រុមហ៊ុនបានព្យាករណ៍ថាដំណើរការអាជីវកម្មនឹងនៅតែមានភាពលំបាកដោយសារតែភាពមិនច្បាស់លាស់ដែលកំពុងកើនឡើងដូចជាកង្វះខាតនៃការផ្គត់ផ្គង់ជាផ្នែកដែលបណ្តាលមកពីរាំងខ្ទប់ COVID-19 នៅក្នុងប្រទេសចិន និងការកើនឡើងតម្លៃវត្ថុធាតុដើមដោយសារតែជម្លោះភូមិសាស្ត្រនយោបាយផងដែរ។

ទន្ទឹមនឹងនេះក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយនេះក៏កំពុងតែធ្វើការកែលម្អប្រព័ន្ធដំណើរការរថយន្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ដោយក្នុងនោះក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Hyundai Motor រួមមាន Kia, Hyundai Mobis និង Hyundai Wia កំពុងតែត្រៀមចូលរួមជាមួយនឹង RE100 ដែលជាគំនិតផ្តួចផ្តើមជាសកលដើម្បីប្តេជ្ញាឆ្ពោះទៅរកថាមពលកកើតឡើងវិញ 100ភាគរយផងដែរ «ដោយផ្តោតទៅលើការថាមពលផលិតរថយន្តអគ្គីសនី»៕