(ស៊ីដនី)៖ ស្ថាប័នកីឡាបាល់ឱបពិភពលោក បានអះអាងថា អូស្ត្រាលីនឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ឱបផ្នែកបុរស World Cup ក្នុងឆ្នាំ២០២៧ និងផ្នែកនារី នៅឆ្នាំ២០២៩ ហើយអង់គ្លេស ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ប្រកួតផ្នែកនារីនៅឆ្នាំ២០២៥ ផងដែរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

សហរដ្ឋអាមេរិក ត្រូវបានគេបញ្ជាក់ថា នឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ប្រកួតផ្នែកបុរសនៅឆ្នាំ២០៣១ និងធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ផ្នែកនារី រយៈពេល ២ឆ្នាំបន្ទាប់។

ការសម្រេចជ្រើសរើសធ្វើជាម្ចាស់ផ្ទះនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមប្រឹក្សាកីឡាបាល់ឱបពិភពលោកបានធ្វើកិច្ចប្រជុំមួយនៅទីក្រុង Dublin ប្រទេសអៀរឡង់។

សូមជម្រាបថា បារាំង នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាបាល់ឱប World Cup ផ្នែកបុរស នៅឆ្នាំ២០២៣ ហើយណូវែលសេឡង់ នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតផ្នែកនារី ខណៈព្រឹត្តិការណ៍នេះត្រូវបានពន្យារពេលកាលពីឆ្នាំ២០២១ ដោយសារតែការរីករាលដាលពីជំងឺកូវីដ-១៩៕