(បរទេស)៖ ក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកកំសាន្តដ៏ល្បីរបស់អាមេរិក Netflix ថ្មីៗនេះបានជួបនូវបញ្ហាជាច្រើន ដូចជាខាតបង់ប្រាក់រហូតដល់ ៥៤ពាន់លានដុល្លារក្នុងមួយថ្ងៃ នៅលើទីផ្សារភាគហ៊ុន ដោយសារអ្នកវិនិយោគ និងម្ចាស់ភាគហ៊ុន សម្រេចលក់ហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃទាបជុំវិញការព្រួយបារម្ភ, ការបាត់បង់អតិថិជន (Subscribers) ជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍ និងមិនធ្លាប់មាន ហើយចុងក្រោយនេះក៏មានការបញ្ឈប់បុគ្គលិកប្រមាណ១៥០នាក់ថែមទៀតផង។

ជុំវិញបញ្ហាខាងលើនេះ ត្រូវបានអ្នកវិភាគបានលើកឡើងនូវហេតុផលមួយចំនួន ដែលវាជាហេតុផលដ៏សមស្រប ហើយក៏ជាចំណុចមួយដែល Netflix គួរតែសិក្សាឡើងវិញ។

ផ្ដើមឡើងពីដំបូងគឺអ្នកវិភាគ Wall Street បានជំរុញឱ្យក្រុមហ៊ុន Netflix ដែលផ្តល់សេវាកម្ម Streaming ដ៏ធំបំផុតរបស់ពិភពលោក ដើម្បីឱ្យមានការផ្លាស់ប្តូរសេវាកម្មដែរមានតម្លៃទាប ប៉ុន្តែមានការរួមបញ្ចូល «ការផ្សាយពាណិជ្ជកម្ម» ជំនួសវិញដើម្បីបង្កើនប្រាក់ចំណូលបានកាន់ខ្ពស់ ប៉ុន្តែការជំរុញនេះត្រូវបាន ប្រធានផ្នែកហិរញ្ញវត្ថុ (CFO) របស់ Netflix លោក Spencer Neumann បានលើកឡើង ដោយរក្សានូវគោលជំហរថា Netflix នាពេលបច្ចុប្បន្នមិនមានការរួមបញ្ចូល «ការផ្សាយពាណិជ្ជកម្ម» នោះទេ និងបានអះអាងថា «វាមិនមែនជាគោលដៅនៅក្នុងផែនការរបស់យើងនាពេលបច្ចុប្បន្ននោះទេ»

ក្រោយមកទៀត នៅចុងខែមេសា Netflix បាននិយាយថា ខ្លួនបានបាត់បង់អតិថិជនចំនួន ២០០,០០០ នាក់នៅត្រីមាសទី១ ពោលគឺបានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងការព្យាករណ៍របស់ក្រុមហ៊ុននាពេលកន្លងមក ហើយក្រោយមកទៀត Netflix ក៏បានប្រកាសផ្អាកសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានការឈ្លានពានប្រទេសអ៊ុយក្រែន និងបានធ្វើឱ្យចំនួនអ្នកប្រើប្រាស់សេវាកម្ម Netflix បាត់បង់រហូតដល់ ៧០០,០០០នាក់ផងដែរ។

បន្ទាប់ពីបានប្រកាសរបាយការណ៍ធ្លាក់ចុះប្រាក់ចំណូល និងអតិថិជន ក្នុងត្រីមាសទី១ ឆ្នាំ២០២២ របស់ខ្លួននៅពេលនេះក្រុមហ៊ុនផ្តល់សេវាកម្ម Streaming ផ្នែកកំសាន្តដ៏ល្បី Netflix កាន់តែជួបបញ្ហាធំមួយទៀតហើយ គឺបានខាតបង់ប្រាក់រហូតដល់៥៤ពាន់លានដុល្លារក្នុងមួយថ្ងៃ នៅលើទីផ្សារភាគហ៊ុន ដោយសារអ្នកវិនិយោគ និងម្ចាស់ភាគហ៊ុន សម្រេចលក់ហ៊ុនរបស់ខ្លួនចេញក្នុងតម្លៃទាបជុំវិញការព្រួយបារម្ភ។

ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន Netflix កំពុងពិចារណាបញ្ឈប់ការចែករំលែកគណនីប្រើប្រាស់ ដោយរក្សាគណនីដែលបានចុះឈ្មោះនីមួយៗអាចប្រើបានតែម្នាក់ប៉ុណ្ណោះ។

បន្ទាប់ពីជួបរឿងមិនល្អៗផ្ទួនៗ ក្រុមហ៊ុន Netflix បានធ្វើការកែទម្រង់មាតិកា ដោយបានបន្ថែមមាតិកាថ្មី គឺការបញ្ចេញមតិរបស់អ្នកប្រើប្រាស់ទៅលើតួអង្គនៅក្នុងភាពយន្ត ហើយការបន្ថែមមុខងារថ្មីនេះបានធ្វើឱ្យបុគ្គលិកមួយចំនួនមានអារម្មណ៍មិនល្អ ខណៈដែល Netflix ក៏បានលើកឡើងថា បើសិនជាមានបុគ្គលិកណាមិនពេញចិត្តអាចលាឈប់បាន។

ការប្រកាសនេះមិនបានប៉ុន្មានផង ស្រាប់តែ Netflix បានប្រកាសថា ខ្លួនបានបញ្ឈប់បុគ្គលិកប្រមាណ ១៥០នាក់ ដែលស្មើនឹង ២ភាគរយ នៃបុគ្គលិកចំនួន ១១,០០០នាក់ របស់ក្រុមហ៊ុននេះ ខណៈអ្នកដែលត្រូវបានបញ្ឈប់ភាគច្រើន គឺនៅក្នុងទឹកដីសហរដ្ឋអាមេរិក។

ក្រុមអ្នកវិភាគ និងអ្នកជំនាញបានលើកឡើងថា បញ្ហាចម្បងដែលធ្វើឱ្យ Netflix បាត់បង់អតិថិជន និងខាតបង់ប្រាក់ដ៏ច្រើនសន្ធឹកនេះគឺបណ្ដាលមកពីកត្តាធំៗចំនួនពីរ, ទី១ ទីផ្សារប្រកួតប្រជែង និងទី២គឺ Netflix ប្រើប្រាស់យុទ្ធសាស្ត្រមាតិកាហួសសម័យ ចំណែកការដកខ្លួនពីប្រទេសរុស្ស៊ីនោះវាគ្រាន់តែជាកត្តាបន្ទាប់បន្សំប៉ុណ្ណោះ។

អ្នកជំនាញបានពន្យល់ថា បញ្ហាមាតិកាជាបញ្ហាធំ ព្រោះថា Netflix មិនបានធ្វើអ្វីឱ្យទាន់សម័យ និងទាក់ទាញ អ្នកប្រើប្រាស់ឱ្យមក Subscribers នៅលើសេវាកម្មរបស់ខ្លួនឡើយ ពោលគឺប្រើយុទ្ធសាស្ត្របុរាណៗ ខណៈដែលក្រុមហ៊ុនដទៃប្រើប្រាស់វិធីសាស្ត្រទាក់ទាញដ៏មានប្រសិទ្ធភាព និងទាន់សម័យបំផុត។

ក្រុមអ្នកជំនាញបានបន្ថែមទៀតថា Netflix បានដឹងហើយថាខ្លួនឯងកំពុងស្ថិតនៅចំណុចណា ខណៈដែលគូប្រកួតប្រជែងដូចជា Apple+ និង Disney+ បានចំណាយលុយដ៏ច្រើនសន្ធឹកដើម្បីបង្កើតនូវមាតិកា និងភាពយន្តថ្មី ប៉ុន្តែ Netflix មិនបានខ្វាយខ្វល់ពីរឿងនេះឡើយ ព្រមទាំងមិនបានកញ្ចប់ថវិកា ឬក្រុមការងារសម្រាប់ ធ្វើរឿងនេះថែមទៀតផង៕