(មីឡាន)៖ ក្លិបបាល់ទាត់អ៉ីតាលី Inter Milan បានព្រមព្រៀងក្នុងការខ្ចីជើងរយៈពេល ១រដូវកាលសម្រាប់ខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្សិក Romelu Lukaku របស់ក្លិបតោខៀវ Chelsea ជាផ្លូវការហើយ។

Lukaku ស៊ុតបាន ៨គ្រាប់ពីការចូលលេងបាន ២៦ប្រកួតនៅ Premier League សម្រាប់ Chelsea ដោយពុំឈ្នះពានអ្វីទេ បានត្រឹមរងជើងឯក FA Cup និង League Cup ពេលចាញ់ហង្សក្រហម Liverpool នៅពេលទាត់បាល់ ១១ម៉ែត្រកាត់សេចក្តីដូចគ្នា។

ខ្សែប្រយុទ្ធមាឌធំ វ័យ ២៩ឆ្នាំខាងលើនេះ ត្រូវបាន Chelsea ទិញពី Inter Milan កាលខែសីហា ឆ្នាំ២០២១ ក្នុងតម្លៃ ៩៧.៥លានផោន និងវិលត្រឡប់ទៅលេងនៅ Serie A វិញ នៅក្រោយពេលជួបភាពត្រដាបត្រដួសនៅទឹកដី Stamford Bridge នារដូវកាលមុននោះ។

តម្លៃផ្ទេរ Lukaku ជាលក្ខណៈខ្ចីជើង ១រដូវកាលពេញនេះដែររវាង Chelsea និង Inter Milan មានប្រហែល ៦.៩លានផោនប៉ុណ្ណោះជាទីដែល Lukaku ធ្លាប់ជួយ Inter Milan ឈ្នះជើងឯក Serie A នារដូវកាលឆ្នាំ២០២០-២០២១ ក្រោយរង់ចាំអស់ ១១ឆ្នាំ ស្ថិតក្រោមការបង្វឹករបស់លោក Antonio Conte មុនពេលទាក់ចិត្ត Chelsea និងត្រូវបានទិញមកលេងនៅ Premier League មុនចាប់ផ្តើមរដូវកាលមុន៕