(បរទេស)៖ ថ្មីៗនេះកំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងជានាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla លោក Elon Musk បានចោទសួរនៅលើបណ្តាញសង្គម Twitter ថាតើកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម TikTok កំពុង«បំផ្លាញអរិយធម៌» ដែរឬទេ? ខណៈការចោទសួរនេះក៏មានមតិមួយចំនួនយល់ស្រប និងគិតដូច្នេះ ហើយលោកក៏បានសួរបន្ថែមទៀតថា « ឬក៏ប្រហែលជាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់នៅលើពិភពលោក សុទ្ធតែបំផ្លាញអរិយធម៌របស់មនុស្ស? »។

នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Yahoo នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺបន្ទាប់ពី Musk បានបង្ហោះសារខ្លីមួយដោយមានអត្ថន័យថា «Hmm» ជាការឆ្លើយតបទៅនឹងលោក Keith Rabios ដែលជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន PayPal បានធ្វើការ Share បន្តនៅលើ Twitter របស់លោកអំពីការលេចធ្លាយ ដោយចោទប្រកាន់ថាបុគ្គលិកក្រុមហ៊ុនចិន Bytedance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានលួចចូលប្រើប្រាស់ទិន្នន័យឯកជនម្តងហើយម្តងទៀតរបស់អ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិក។ យ៉ាងណាមិញទាក់ទិនទៅនឹងបញ្ហានេះ អ្នកនាំពាក្យរបស់ TikTok មិនទាន់ធ្វើការស្រាយបំភ្លឺណាមួយចំពោះការស្នើសុំការអត្ថាធិប្បាយរបស់FOX Business នោះឡើយ។

ជុំវិញបញ្ហានេះ TikTok បានប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងខ្លាំងពីអ្នកនយោបាយសហរដ្ឋអាមេរិកចំពោះឬសគល់របស់ចិន។ដោយឡែកកាលពីឆ្នាំ២០២០ កន្លងទៅកម្មវិធីនេះត្រូវបានអតីតប្រធានាធិបតីលោក Donald Trump បានធ្វើការហាមឃាត់មិនឱ្យដំណើរការនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែក្រោយមកក៏បានបើកដំណើរការឡើងវិញបន្ទាប់ពីលោក Joe Biden បានឡើងកាន់តំណែងជាប្រធានាធិបតី៕