(ភ្នំពេញ)៖ ស្អែកនេះ ពិព័រណ៍ការងារ នឹងត្រូវរៀបចំឡើងរយៈពេលពីរថ្ងៃជាប់គ្នា គឺចាប់ថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ នាវេលាម៉ោង៨ ព្រឹក ដល់ម៉ោង១៧៖០០នាទីល្ងាច នៅទីតាំងអាគារ KAMPUS ដែលមានអាសយដ្ឋានផ្ទះលេខ៥០២ មហាវិថីព្រះមុនីវង្ស ជិតស្ពានអាកាសក្បាលថ្នល់ ដោយនាំមកនូវឱកាសការងារប្រមាណ ៣,២០០កន្លែងពី ក្រុមហ៊ុនធំៗជាង២០ ដើម្បីផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ។

ពិព័រណ៍ការងារនេះ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ (ILO)។

ក្រៅពីទទួលបានឱកាសការងារជាច្រើនក្នុងមុខជំនាញផ្សេងៗគ្នា យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក៏អាចចូលរួមដោយ មិនគិតថ្លៃនៅក្នុងវេទិកា ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី «ការត្រៀមខ្លួនចូលការងារ និងសហគ្រិនភាព» ដើម្បីនឹងទទួល បាន ចំណេះដឹងពីវាគ្មិនល្អៗដែលមានបទពិសោជន៍ក្នុងទីផ្សារការងារផងដែរ។

សូមបញ្ជាក់ថា ពិព័រណ៍ការងារប្រចាំឆមាស ជាការព្រឹត្តិការណ៍ដ៏មានសារសំខាន់ ក្នុងការជ្រើសរើសបុគ្គលិក និងស្វែងរកការងារ តាមរយៈការប្រមូលផ្តុំ និងផ្សព្វផ្សាយឱកាសការងារពីសំណាក់និយោជក ក្រុមហ៊ុនឯកជន ដើម្បីជួប ផ្ទាល់ជាមួយយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ដើម្បីដាក់ពាក្យស្នើសុំការងារ និងជួបសម្ភាសផ្ទាល់តែម្តង។ ចំណែកអ្នកចូលរួម នឹងទទួលបានការប្រឹក្សាយោបល់អាជីព និងការងារ ដើម្បីត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារ ការងារឲ្យបានល្អ។

ដូច្នេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីដាក់ពាក្យ និងសម្ភាសភ្លាមៗជាមួយតំណាងក្រុមហ៊ុនធំៗដែលចូលរួមតាំងបង្ហាញនៅក្នុងពិព័រណ៍នេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕