(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានធ្វើការជំរុញដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវស្ម័គ្រចិត្តចូលរួមផ្សព្វផ្សាយអំពីដំណើរឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យបានទូលំទូលាយទាំងក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ ស្របតាមគោលការណ៍របស់ CAMSOC ដើម្បីឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ។

ការជំរុញរបស់រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ខាងលើ ធ្វើឡើងក្នុងវេទិកាជួបជាមួយប្រព័ន្ធផ្សព្វផ្សាយឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ក្រោមការសហការរៀបចំ រវាងក្រសួងព័ត៌មាន និងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងមានការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយជាតិជាច្រើនផងដែរ ។

លោកបណ្ឌិត ថោង ខុន បានចាត់ទុកវេទិកាខាងលើ គឺជាឱកាសដ៏សំខាន់ ក្នុងគោលដៅចង់ឲ្យអ្នកសារព័ត៌មានទាំងអស់ ក្នុងនាមគ្រួសារតែមួយ ចូលរួមជំរុញការផ្សព្វផ្សាយក្នុងក្របខណ្ឌជាតិឲ្យបានកាន់តែសកម្មបន្ថែមទៀត ដ្បិតកម្ពុជានៅសល់រយៈពេល ៣១៦ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ។ ពេលវេលានេះ មិនច្រើន ហើយក៏មិនខ្លីប៉ុន្មានដែរ ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមសហការ ព្រោះការផ្សព្វផ្សាយ ក៏ជាផ្នែកមួយនៃភាពជោគជ័យដែរ ។

លោករដ្ឋមន្ដ្រីមានប្រសាសន៍ថា «ការងារជំរុញ និងការបញ្ជ្រាបការយល់ដឹងរបស់បងប្អូន អំពីបញ្ហាស៊ីហ្គេម គួរតែត្រូវបានបង្កើនទៀត តាមរយៈការផ្សព្វផ្សាយព័ត៌មាននេះ ។ អ៊ីចឹងសូមឲ្យបណ្ដាសារព័ត៌មានទាំងអស់ មេត្ដាជួយដុតដៃដុតជើង ដូចដែលបានជម្រាបជូនក្នុងវេទិកា គឺជួយផ្សព្វផ្សាយដោយស្ម័គ្រចិត្ត ជួយជំរុញអំពីបញ្ហាអ្វីដែលជាគោលការណ៍ CAMSOC ជំរុញឲ្យប្រជាជនម្នាក់លេខកីឡាមួយមុខ ធ្វើម៉េចចូលរួមចលនាកម្ពុជាស្អាត ចូលរួមការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយគ្រឿងញៀន ដូចដែលអាជ្ញាធរគ្រឿងញៀន និងក្រសួងមហាផ្ទៃលោកបានខិតខំធ្វើរៀងរាល់ថ្ងៃនេះ ប៉ុន្ដែត្រូវតែមានការចូលរួមបន្ថែមទៀត ដើម្បីឲ្យកម្ពុជាយើង ក្លាយជាគោលដៅមួយស្អាត កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយឥទ្ធិពលគ្រឿងញៀនជាដើម» ។

អនុប្រធានអចិន្ដ្រៃយ៍ CAMSOC និងជាប្រធាន NOCC ដដែលបន្ដថា «នៅពេលស៊ីហ្គេមនេះ ក្នុងនាមយើងជាម្ចាស់ផ្ទះ ពេលគេមកដល់ ឃើញកម្ពុជាយើងស្អាត ប្រជាជនកម្ពុជាទាំងអស់ ផ្ដល់បដិសណ្ឋារកិច្ចល្អ ទៅដល់ភ្ញៀវដែលបានចូលរួម ។ ជារួម គឺជាប្រយោជន៍សម្រាប់សង្គមជាតិយើងយ៉ាងច្រើន គឺថាយកព្រឹត្តិការណ៍ស៊ីហ្គេមនេះ ជាឱកាសមួយ សម្រាប់ធ្វើការអប់រំសង្គម នៅពេលនោះ យើងអាចកត់សម្គាល់ថា នៅពេលស៊ីហ្គេម កម្ពុជាយើង មិនសូវមានបញ្ហាគ្រឿងញៀន ឬគ្រោះថ្នាក់ចរាចរណ៍ទៀតទេ ពិសេសគឺកម្ពុជាកាន់តែស្អាត នៅពេលយើងធ្វើម្ចាស់ផ្ទះស៊ីហ្គេមនេះ ។ នេះជាបញ្ហាសំខាន់ ដែលយើងត្រូវយកព្រឹត្តិការណ៍នេះ ដើម្បីធ្វើការអប់រំសង្គម និងធ្វើការអភិវឌ្ឍកម្ពុជាយើងឲ្យកាន់តែខ្លាំងក្លាថែមទៀត» ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែមិថុនានេះ កម្ពុជានៅសល់ ៣១៦ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ដែលនឹងប្រារព្ធពិធីបើកនៅថ្ងៃទី០៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនបន្ដរៀបចំការប្រកួតកីឡអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ដដែល ៕