(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការរៀបចំ «ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គ» រវាងក្រុមកីឡាករវ័យចំណាស់កម្ពុជា ថៃ ឡាវ និងវៀតណាម នៅកីឡដ្ឋានខេត្តសៀមរាប ចាប់ពីថ្ងៃទី៤-៧ ខែសីហា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៣ ខែសីហានេះ។

សេចក្តីប្រកាសព័ត៌មានបានបន្តថា ព្រឹត្តិការណ៍កីឡានេះគឺមានការចូលរួមពីកីឡាករវ័យចំណាស់កម្ពុជាចំនួន២១នាក់ កីឡាករវ័យចំណាស់ថៃនិងឡាវចំនួន១១០នាក់ និងកីឡាករវ័យចំណាស់វៀតណាមចំនួន២០នាក់។

ព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់មិត្តភាពវ័យចំណាស់មេគង្គនេះទៀតសោត គឺធ្វើឡើងក្នុងគោលបំណងពង្រីកនូវផលិតផលទេសចរណ៍សម្បូរបែប តាមរយៈព្រឹត្តិការណ៍កីឡាទេសចរណ៍បាល់ទាត់វ័យចំណាស់ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិនៅបណ្តាប្រទេសតាមដងទន្លេមេគង្គ ផ្សព្វផ្សាយសក្តានុពលទេសចរណ៍តំបន់សៀមរាប-អង្គរ ជំរុញកំណើនភ្ញៀវទេសចរ អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកីឡាទេសចរណ៍ និងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកស្នេហាវិស័យកីឡាជាតិនិងអន្តរជាតិ ជាពិសេសចូលរួមលើកស្ទួយវិស័យកីឡាទេសចរណ៍នៅកម្ពុជា ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡា SEA GAMES – ASEAN PARA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។

ក្រសួងទេសចរណ៍ក៏បានអំពាវនាវដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នកស្នេហាវិស័យកីឡាក្នុងខេត្តសៀមរាប រួមទាំងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចូលរួមទស្សនាដោយសេរីឱ្យបានច្រើនកុះករ៕