(បរទេស)៖ Nothing Phone (1) ជាស្មាតហ្វូនថ្មីដែលកំពុងល្បីឈ្មោះ និងទទួលបានការចាប់អារម្មណ៍ជាច្រើនទៅលើការរចនារូបរាងរបស់វា ហើយបើគិតត្រឹមពេលនេះវាគឺជាស្មាតហ្វូនដែលលេចធ្លោជាងគេបំផុត។ ចំណុចពិសេសដែលលេចធ្លោជាងគេសម្រាប់ស្មាតហ្វូនមួយនេះគឺការរចនារូបរាងផ្នែកខាងក្រោយ ដែលប្រើប្រាស់បន្ទះអេក្រង់ថ្លា មើលធ្លុះដល់ម៉ាស៊ីនខាងក្នុង និងមានរំលេចនូវភ្លើងចំនួនបីទីតាំង ដែលមើលទៅគឺពិតជាប្លែក និងទាក់ទាញបំផុត។

Nothing Phone (1) ជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន NOTHING ដែលត្រូវបានប្រកាសបង្ហាញកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ដោយប្រើប្រាស់ប្រព័ន្ធដំណើរការ Android 12 ប៉ុន្តែគ្រប់ដណ្ដប់ដោយស្បែកខាងក្រៅ Nothing OS 1.1.0។

គិតត្រឹមម៉ោងនេះ ក្រុមហ៊ុន NOTHING និងស្មាតហ្វូន Nothing Phone (1) កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។ តើលោកអ្នកចង់ដឹងទេថា នរណាជាអ្នកបង្កើតក្រុមហ៊ុន និងស្មាតហ្វូនដ៏អស្ចារ្យមួយនេះឡើង?

NOTHING មានឈ្មោះពេញ Nothing Technology Limited ត្រូវបានបង្កើតកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ដោយស្ថាបនិកតែមួយរូបគត់គឺលោក Carl Pei។ ខាងក្រោមនេះគឺជាប្រវត្តិខ្លះៗដែលទាក់ទងនឹងលោក Carl Pei។

លោក Carl Pei បានកើតនៅឆ្នាំ ១៩៨៩ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន ហើយក្រោយមកគ្រួសាររបស់លោកក៏បានផ្លាស់ទីលំនៅមកកាន់សហរដ្ឋអាមេរិក និងចុងក្រោយក៏ទៅរស់នៅក្នុងប្រទេសស៊ុយអែត។ នៅឆ្នាំ២០០៨ លោក Carl Pei បានចាប់ផ្ដើមសិក្សាផ្នែកវិទ្យាសាស្ត្រនៅសាលា Stockholm School of Economics ប៉ុន្តែបានព្យូរការសិក្សានៅឆ្នាំ២០១១ ដោយសារតែជាប់រវល់បម្រើការងារពេញម៉ោងនៅក្នុងក្រុមហ៊ុនផលិតស្មាតហ្វូនមួយរបស់ចិន។

នៅឆ្នាំ ២០១០ លោក Carl Pei បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Nokia ប៉ុន្តែធ្វើការបានត្រឹមតែបីខែប៉ុណ្ណោះ។ ក្រោយមក ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិកចិន Meizu បានចាប់អារម្មណ៍ និងទាក់ទងរូបលោកឱ្យទៅបម្រើការងារនៅសាខាក្នុងទីក្រុងហុងកុង ដោយលោកបានចាប់ផ្ដើមចូលធ្វើការនៅឆ្នាំ២០១១ នៅក្នុងក្រុមការងារផ្នែកទីផ្សារ។ បន្ទាប់ពីធ្វើការនៅក្រុមហ៊ុន Meizu លោកក៏បានប្ដូរមកធ្វើការនៅក្នុងក្រុមហ៊ុន Oppo វិញ ក្នុងតួនាទីជាអ្នកគ្រប់គ្រងទីផ្សារអន្តរជាតិ និងបានធ្វើការដោយផ្ទាល់ជាមួយនឹងលោក Pete Lau (បច្ចុប្បន្នជាសហស្ថានិក និងជានាយកប្រតិបត្តិក្រុមហ៊ុន OnePlus)។

នៅចុងឆ្នាំ ២០១៣ លោក Carl Pei និង Pete Lau បានចាប់ដៃគ្នាបង្កើតក្រុមហ៊ុនផលិតស្មាតហ្វូនមួយឡើងដែលមានឈ្មោះថា OnePlus ដោយពួកគេទាំងពីរនាក់បានហៅខ្លួនឯងថាជា «សហស្ថាបនិក ឬ co-founder»

Carl Pei និង Pete Lau បានធ្វើការរួមគ្នាយ៉ាងល្អក្នុងការជំរុញឱ្យស្មាតហ្វូនរបស់ក្រុមហ៊ុន OnePlus ទទួលបានការគាំទ្រនៅលើទីផ្សារ ប៉ុន្តែនៅខែតុលា ឆ្នាំ២០២០ លោក Carl Pei ក៏សម្រេចចិត្តដើរចេញពីក្រុមហ៊ុន OnePlus។

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ លោក Carl Pei បានប្រកាសបង្ហាញជាសាធារណៈនូវក្រុមហ៊ុនថ្មីរបស់លោកគឺ NOTHING។ លោក Carl Pei បានបញ្ជាក់ថា បេសកកម្មរបស់ NOTHING គឺលុបបំបាត់ឧបសគ្គរវាងមនុស្ស និងបច្ចេកវិទ្យា ហើយបង្កើតអនាគតឌីជីថលថ្មីមួយដ៏អស្ចារ្យ។

ក្រោយពីក្រុមហ៊ុន NOTHING បានប្រកាសជាផ្លូវការ ក៏មានអ្នកវិនិយោគទុនជាច្រើបានចូលរួមជាមួយដោយក្នុងនោះរួមមានលោក Tony Fadell ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាបិតាបង្កើត iPod (father of the iPod), លោក Kevin Lin សហស្ថាបនិកក្រុមហ៊ុនផ្ដល់សេវាកម្ម Streaming ដែលមានឈ្មោះថា Twitch, លោក Steve Huffman នាយកប្រតិបត្តិ Reddit, លោក Casey Neistat ជាអ្នកបង្កើតវីដេអូ និងរកចំណូលបានដ៏ច្រើនសន្ធឹកពី YouTube ហើយបើតាមការចេញផ្សាយបានឱ្យដឹងថា ទុនសរុបដំបូងដែលលោក Carl Pei ទទួលបានពីក្រុមអ្នកវិនិយោគមានចំនួនទឹកប្រាក់រហូតដល់ជាង ៧លានដុល្លារអាមេរិក។

ក្រោយពីទទួលបានទុនវិនិយោគហើយនោះ ក្រុមហ៊ុន NOTHING ក៏បានសហការជាមួយនឹងក្រុមហ៊ុន Teenage Engineering ក្នុងភាពជាដៃគូ និងទទួលខុសត្រូវលើសោភណ្ឌភាព និងការរចនាលើម៉ាកយីហោ ព្រមទាំងផលិតផលរបស់ក្រុមហ៊ុនទាំងមូល។

ក្រោយមកទៀតនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុនមួយនេះបានរៃអង្គាសប្រាក់បានរហូតដល់ ៥០លានដុល្លារអាមេរិក និងបានប្រកាសបង្ហាញពីសហការគ្នាជាមួយនឹងក្រុមហ៊ុន Qualcomm ទៀតផង។

នៅពាក់កណ្ដាលឆ្នាំ ២០២១ ក្រុមហ៊ុន NOTHING បានប្រកាសបង្ហាញផលិតផលថ្មីដំបូងរបស់ខ្លួននោះគឺកាសត្រចៀក Nothing ear (1) ហើយនៅខែមីនា ឆ្នាំ២០២២ ក៏បានប្រកាសបង្ហាញស្មាតហ្វូនដំបូងរបស់ខ្លួនគឹម៉ាក Nothing Phone (1)។