(ឡុងដ៍)៖ កីឡាករប្រណាំងម៉ូតូសញ្ជាតិអ៉ីតាលី Andrea Dovizioso នឹងចូលនិវត្តន៍ពីព្រឹត្តិការណ៍ប្រណាំងម៉ូតូ ដណ្តើមពានរង្វាន់លំដាប់ពិភពលោក MotoGP បន្ទាប់ពីការប្រណាំងនៅទីលាន Misano របស់អ៉ីតាលីនាខែក្រោយ ជាមួយនឹងកីឡាករសញ្ជាតិអង់គ្លេស Cal Crutchlow នឹងជំនួសរហូតចប់រដូវកាល។ នេះបើតាមក្រុម Yamaha បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះ បានប្រកាសកាលពីខែមុនថា លោកនឹងចូលនិវត្តន៍នៅពេលដាច់ឆ្នាំនេះ ប៉ុន្តែបានសម្រេចចិត្តចូលនិវត្តន៍មុននារដូវក្តៅនេះ។

Dovizioso ធ្លាប់ជាកីឡាករជើងឯករងព្រឹត្តិការណ៍ MotoGP ចំនួន ៣លើក ជាមួយនឹងការបើកឲ្យក្រុម Ducati ប៉ុន្តែលោករកបានពិន្ទុតែ ១០ប៉ុណ្ណោះ ក្នុងរដូវកាលនេះ ហើយមិនបានបញ្ចប់ក្នុងចំណោមកីឡាករកំពូលទាំង១០ (Top 10) ក្នុងការប្រកួតណាមួយនោះទេ គិតមកទល់ពេលនេះ។

លោកបានស្ថិតក្នុងចំណាត់ថ្នាក់ទី២២ ក្នុងតារាងរបស់ព្រឹត្តិការណ៍ MotoGP។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូ British Grand Prix នឹងធ្វើឡើងទីលាន Silverstone ចុងសប្តាហ៍នេះ ជាមួយនឹងព្រឹតិ្តការណ៍ Austria នឹងធ្វើឡើងបន្ទាប់ មុនពេលព្រឹត្តិការណ៍ San Marino និង Rimini Riviera Grand Prix ធ្វើឡើងនៅទីលាន Misano នៅថ្ងៃទី០៤ ខែកញ្ញាខាងមុខ៕