(សេអ៊ូល)៖ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិច និងផលិតអាគុយរថយន្តអគ្គិសនីលំដាប់ខ្នាតយក្សរបស់ប្រទេសកូរ៉េខាងត្បូង LG Energy Solution Ltd (LGES) បានប្រកាសបង្ហាញឱ្យដឹងថា ប្រាក់ចំណេញប្រចាំត្រីមាសទី២ នៃឆ្នាំ២០២២ របស់ខ្លួនបានធ្លាក់ចុះខ្ទង់ ៧៣ភាគរយ ដែលជាលទ្ធផលដ៏អាក្រក់បំផុតមួយបើធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២។

LGES បច្ចុប្បន្នគឺជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនី ឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលធំៗដូចជា Tesla , General Motors Co, Ford Motor Co និង Volkswagen AG ដោយថ្មីៗនេះ បានប្រកាសថា ខ្លួនកំពុងតែជួបទុក្ខធំដែលប្រាក់ចំណេញប្រចាំត្រីមាសទី២ ឆ្នាំ២០២២ បានធ្លាក់ចុះដល់ទៅ ១៤៩លានដុល្លារ ត្រឹមតែរយៈពេល ៣ខែប៉ុណ្ណោះ គិតត្រឹមថ្ងៃទី៣០ ខែមិថុនាកន្លងទៅនេះ។

យ៉ាងណាមិញការធ្លាក់ចុះនេះបណ្តាលមកពីមូលហេតុ ការកើនឡើងថ្លៃវត្ថុធាតុដើម រួមទាំងការរាំងខ្ទប់ COVID-19 នៅក្នុងប្រទេសចិន និងបញ្ហាជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនដែលជាបញ្ហាចោទដ៏សំខាន់បំផុតមួយ។ ខណៈដែលក្រុមហ៊ុន LGES កាលពីចុងឆ្នាំមុនក៏ធ្លាប់បានប្រកាសបង្ហាញដែរថា ខ្លួននឹងតំឡើងថ្លៃឧបករណ៍មួយចំនួនរបស់ខ្លួន ដែលជាហេតុកើនឡើងថ្លៃវត្ថុធាតុដើមឥតឈប់ឈរ ហើយក៏អាចជាកត្តាជះឥទ្ធិពលដល់ប្រាក់ចំណេញនៃត្រីមាសនេះផងដែរ៕