(ឡុងដ៏)៖ ខ្សែការពារ នឹងជាប្រធានក្រុមរបស់ក្លិប Chelsea កីឡាការ Cesar Azpilicueta បានសម្រេចព្រមព្រៀងជាមួយកិច្ចសន្យាថ្មី នៃការបន្តលេងរហូតដល់ឆ្នាំ២០២៤ ដែលស្ថិតក្នុងលីគអង់គ្លេស Premier League។

ខ្សែការពារសញ្ជាតិអេស្ប៉ាញ វ័យ ៣២ឆ្នាំ Azpilicueta មុនបន្តកិច្ចសន្យាថ្មីនេះ រូបគេក៏នៅមានកិច្ចសន្យា ១ឆ្នាំទៀតជាមូយក្លិប ដ្បិតធ្លាប់មានការពិភាក្សាជាមួយក្លិប Barcelona ជុំវិញការផ្ទេរនៅរដូវក្តៅនេះផងដែរ។

ខ្សែការពារស្លាបស្តាំរូបនេះ ត្រូវបានក្លិបតោខៀវ Chelsea នាំមកពីក្លិប Marseille កាលឆ្នាំ២០១២ ដោយមកដល់ពេលនេះលេងបាន ៤៧៦ប្រកួតរកបាន ១៧គ្រាប់ ហើយក៏បានបង្ហាញចាប់អារម្មណ៍ថា« ខ្ញុំពិតជាមានអារម្មណ៍ស្រលាញ់ ហើយខ្ញុំរំភើបរីករាយសម្រាប់គម្រោងដែលយើងមាន»។

ក្នុងរយៈពេលកន្លងមកនេះ Azpilicueta បានរួមចំណែកជួយក្លិប Chelsea ឈ្នះពានរង្វាន់ Premier League, FA Cup, League Cup ហើយពានក្របខណ្ឌលីគអឺរ៉ុបមាន UEFA Champions League, UEFA Super Cup និង FIFA Club world Cup ដែលជាពានកម្រិតពិភពលោក៕