(បរទេស)៖ លោក Elon Musk បាននិយាយថា លោកនឹងទិញយក Twitter ទៅតាមតម្លៃនៃកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក បើសិនជាបណ្ដាញសង្គមអាមេរិកមួយនេះ អាចបញ្ជាក់បានថា ក្នុងចំណោមគណនី ១០០ គឺជា គណនី ពិតទាំងអស់ មិនក្លែងក្លាយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២។
មហាសេដ្ឋីលំដាប់លេខមួយនៅលើពិភពលោករូបនេះ បានបង្ហោះសារថា «គួរតែបន្តលក្ខខណ្ឌដើមនៃកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក បើសិនជា Twitter អាចបញ្ជាក់បានថា ក្នុងចំណោមគណនីប្រើប្រាស់ ១០០គណនី គឺជាគណនីពិតប្រាកដ» ដែលការលើកឡើងនេះ មិនមែនលោកចង់ដើរចេញពីកិច្ចព្រមព្រៀងទិញលក់ឡើយ គ្រាន់តែលោកចង់បញ្ជាក់ឱ្យឃើញថា Twitter គឺ មិន បានទទួលខុសត្រូវលើសំណើរបស់លោកក្នុងការបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងគណនីក្លែងក្លាយ។
លោក Musk បាននិយាយថា វាជារឿងងាយស្រួលនោះទេ បើសិនជា Twitter អាចបញ្ជាក់បានដូចអ្វីដែលលោកលើកឡើងនេះ នោះ លោក នឹងបន្តដំណើរការកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិក ប៉ុន្តែ Twitter ក៏ត្រូវតែបង្ហាញព័ត៌មានលម្អិតទាក់ទងនឹងគណនីក្លែងក្លាយមានតិចជាង ៥ភាគរយជាសាធារណ:ផងដែរ។
ពាក់ព័ន្ធនឹងការផ្ដល់លក្ខខណ្ឌថ្មីនេះ ខាងក្រុមហ៊ុន Twitter នៅមិនទាន់មានការឆ្លើយតបវិញឡើយ។
គួរបញ្ជាក់ផងដែរថា លោក Musk បានប្រកាសដើរចេញពីកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិកនេះកាលពីពាក់កណ្ដាល ខែ កក្កដា ហើយត្រូវបាន Twitter ប្ដឹងភ្លាមៗផងដែរ ក្រោមបទចោទប្រកាន់ជាច្រើនករណី ហើយបណ្ដឹងមួយនេះនឹងត្រូវលើកយកមក ដោះស្រាយនៅខែតុលាខាងមុខ៕