(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍សប្បុរសធម៌មូលនិធិដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺមហារីកមាត់ស្បូនដល់កម្មការិនី ក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា។ ជំងឺមហារីកមាត់ស្បូនជាជំងឺដែលរីករាលដាលបំផុតនៅកម្ពុជា និងជាជំងឺដែលមានអត្រាការពារខ្ពស់ជាងគេ ប្រសិនបើទទួលបានការពិនិត្យតាមដានត្រឹមត្រូវ។

អត្រាស្លាប់នៃជំងឺនេះនៅកម្ពុជាមានរហូតដល់ ១ពាន់នាក់ក្នុងមួយឆ្នាំ ដោយសារកង្វះខាតការពិនិត្យ ការចាក់វ៉ាក់សាំង papillomavirus (HPV) ប្រឆាំងនឹងជំងឺមហារីកមាត់ស្បូនដល់ស្រ្តីទូទាំងប្រទេស។

សណ្ឋាគារ ហៃយ៉ាត់ បានរួមសហការជាមួយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា រៀបចំកម្មវិធីសប្បុរសធម៌ «Let's Give Back!» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី១២ ខែសីហា ដើម្បីមូលនិធិជួយដល់ដំណើរការពិនិត្យ និងធ្វើតេស្តជំងឺមហារីកមាត់ស្បូនឲ្យកាន់តែប្រសើរឡើង។

នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មអាមេរិក លោក Travis Mitchell បានថ្លែងថា «ការធ្វើមូលនិធិសប្បុរសធម៌ជាគុណតម្លៃ និងជាទំនួលខុសត្រូវចម្បងក្នុងការផ្តល់ជូនដល់សង្គម និងសហគមន៍»។ ក្នុងឆ្នាំនេះ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជានឹងផ្ដល់អាទិភាពដល់សកម្មភាពទំនួលខុសត្រូវសង្គមឲ្យកាន់តែច្រើនជាងឆ្នាំមុនៗ។

សម្រាប់ការចុះឈ្មោះចូលរួមកម្មវិធីសូមចូលទៅកាន់តំណភ្ជាប់ https://amchamcambodia.glueup.com/event/lets-give-it-back-59773/

រាត្រីសប្បុរសធម៌ Let’s Give Back! នឹងប្រព្រឹត្តឡើងនៅសាលប្រជុំនៃសណ្ឋាគារ ហៃយ៉ាត់ កម្មវិធីទាំងមូលរួមមាន៖ ការទទួលទានអាហារសម្រន់ ភេសជ្ជៈ ការចាប់រង្វាន់ និងតន្ត្រី។ ថវិកាដែលទទួលបានពីកម្មវិធីនេះ នឹងត្រូវបរិច្ចាគជូន មជ្ឈមណ្ឌលសុខភាព មេត្តា ករុណា កម្ពុជា ដើម្បីជួយដល់ការពិនិត្យ និងធ្វើតេស្តជំងឺមហារីកមាត់ស្បូនដែលនឹងដំណើរការនៅ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ស្រ្តីកម្ពុជា ៥00,000 នាក់ទទួលបានការធ្វើតេស្ត។

«មិនមានស្រ្តីណាម្នាក់គួរទទួលមរណភាពដោយសារជំងឺមហារីកមាត់ស្បូនឡើយ»។ នេះបើតាមលោក Herman Kemp អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ ដោយបន្តទៀតថា «ដោយសារតែកង្វះខាតទើបធ្វើអោយជំងឺនេះនៅតែជាបញ្ហា ដែលត្រូវការដំណោះស្រាយដ៏ធំមួយនៅកម្ពុជា»។

អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា សម្រេចកំណត់យកជំងឺមហារីកមាត់ស្បូនជាអាទិភាពទី១ក្នុងការបង្ការជាចម្បង ជាមួយផែនការលុបបំបាត់អត្រាស្លាប់ដោយសារជំងឺនេះទាំង ស្រុងនៅ ឆ្នាំ២០៣០។

ការពិនិត្យ និងព្យាបាលជាគោលដៅដែលបានកំណត់យ៉ាងច្បាស់លាស់ពីក្រុមការងារផ្នែកមហារីកមាត់ស្បូនរបស់រាជរដ្ឋាភិបាល រួមជាមួយ ស្ថាប័នរដ្ឋ និងឯកជនដូចជា សកលវិទ្យាល័យ ពុទ្ធិសាស្រ្ត និងមជ្ឈមណ្ឌលសុខភាព មេត្តា ករុណា កម្ពុជា ដែលកំពុងចូលរួមទប់ស្កាត់ជំងឺមហារីក និងសង្គ្រោះជីវិតពីការទទួលមរណភាពដោយសារជំងឺនេះ។

ការធ្វើតេស្តមហារីកមាត់ស្បូន ១ដងចំណាយពេលពី៥ ទៅ ១៥នាទី និងទឹកប្រាក់ ១៥ដុល្លារ តែប៉ុណ្ណោះសម្រាប់ស្រ្តីម្នាក់។ លោកអ្នកក៏អាចធ្វើការបរិច្ចាគដោយផ្ទាល់ទៅកាន់ មជ្ឈមណ្ឌលសុខភាព មេត្តា ករុណា កម្ពុជា៕

សម្រាប់ព័ត៌មានបន្ថែមអំពីការបរិច្ចាគសូមចូលទៅកាន់ https://mercymedcambodia.org/