(បរទេស)៖ យោងតាមឯកសារបទប្បញ្ញត្តិមួយកាលថ្ងៃអង្គារបានឱ្យដឹងថា កំពូលមហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk បានលក់ភាគហ៊ុនចំនួន ៦.៩ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc។ ដោយឡែកនេះជាលើកទី១ ហើយដែលគាត់បានលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផលិតរថយន្តចាប់តាំងពីការទម្លាក់ការដេញថ្លៃរបស់គាត់ដើម្បីទិញ Twitter Inc។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

ឯកសារថ្មីមួយទៀតបានបញ្ជាក់បន្ថែមដែរថា នាយកប្រតិបត្តិ(CEO) ក្រុមហ៊ន Tesla បានដកភាគហ៊ុននៅថ្ងៃទី០៥ ខែសីហាកន្លងទៅនេះ។ យ៉ាងណាមិញការលក់ភាគហ៊ុនរបស់ Musk នៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្កិសនីក្នុងរយៈពេល ១០ខែចុងក្រោយនេះសរុបជាទឹកប្រាក់ប្រហែល ៣២ពាន់លានដុល្លារឯណោះ។

ជាមួយគ្នានេះដែលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ត្រូវបានគេមើលឃើញថា បានធ្លាក់ចុះជាបន្តបន្ទាប់កាលពីចុងឆ្នាំមុន ខណៈដែល Musk បានលក់ភាគហ៊ុនជាង ១៦ពាន់លានដុល្លារ ដែលជាការលក់លើកដំបូងរបស់គាត់ក្នុងរយៈពេល ៥ឆ្នាំ។ តែយ៉ាងណា Musk ក៏បានបោះបង់គំនិតលក់ភាគហ៊ុនជាថ្មីនៅក្នុងខែវិច្ឆិកា បន្ទាប់ពីលោកបានស្ទង់មតិអ្នកប្រើប្រាស់ Twitter ថាតើលោកគួរតែកាត់ភាគហ៊ុនរបស់លោក ឬអត់។

គួរបញ្ជាក់ផងដែរថា រឿងរ៉ាវរបស់ Musk និង Twitter នៅមិនទាន់ឈានដល់ការបញ្ចប់នោះទេ ខណៈលោក Musk បានប្រកាសដើរចេញពីកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិកនេះកាលពីពាក់កណ្ដាល ខែ កក្កដា ហើយត្រូវបាន Twitter ប្ដឹងភ្លាមៗផងដែរ ក្រោមបទចោទប្រកាន់ជាច្រើនករណី ហើយបណ្ដឹងមួយនេះនឹងត្រូវលើកយកមក ដោះស្រាយនៅខែតុលាខាងមុខ៕