(ភ្នំពេញ)៖ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីលើកស្ទួយបរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិន ស្រ្តី និងសហគ្រាសខ្នាតតូចនិងមធ្យម (SMEs) តាមរយៈយន្តការគាំទ្រនៃគម្រោងធានាឥណទានរបស់ CGCC និងការអនុវត្តនៃការវិភាគទិន្នន័យក្នុងការសម្រេចចិត្តលើការផ្តល់ឥណទានពីសំណាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទូទាំងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការរវាង CBC និង CGCC នឹងពង្រីកលទ្ធភាពទទួលបានឥណទាន ដោយផ្តល់នូវការវាយតម្លៃកម្ចី កាន់តែប្រកបដោយតម្លាភាព ដល់សហគ្រិនស្ត្រី និង SMEs។

ក្នុងនាមជាក្រុមហ៊ុនចែករំលែកពត៌មានឥណទានតែមួយគត់នៅក្នុងប្រទេសកម្ពុជា CBC ផ្តល់នូវព័ត៌មានប្រវត្តិឥណទានដែលផ្សារភ្ជាប់ព័ត៌មានអសមប្បមាណរវាងអ្នកខ្ចី និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការនៃការផ្តល់កម្ចី និងការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន។ ជាច្រើនឆ្នាំមកនេះ ការផ្តល់របាយការណ៍ឥណទានរបស់ CBC និងដំណោះស្រាយវិភាគទិន្នន័យផលបត្រ បានបន្ធូរបន្ថយឧបសគ្គលើឥណទាន សម្រាប់ប្រជាជនកម្ពុជាជាច្រើន និង គ្រប់គ្រងហានិភ័យឥណទានទូទាំងវិស័យហិរញ្ញវត្ថុ។ តួនាទីរបស់ CBC ដែលជាហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ មានសារៈសំខាន់ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

CGCC ផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចូលរួម ដើម្បីគាំទ្រដល់ក្រុមហ៊ុន ឬអាជីវកម្មដែលមានលទ្ធភាពសង តែខ្វះទ្រព្យបញ្ចាំពេលដាក់ស្នើកម្ចី។

ជាពិសេសនៅក្នុងបរិបទនៃការប៉ះពាល់ដល់សេដ្ឋកិច្ចដោយសារវិបត្តិកូវីដ១៩ ការគាំទ្រពី CGCC បាននិងកំពុងបន្តចូលរួមចំណែកដល់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ជំរុញការផ្តល់ឱកាសការងារ និងស្ថិរភាពសេដ្ឋកិច្ច។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC មានប្រសាសន៍ឱ្យដឹងថា៖ «កិច្ចសហការនេះគឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់សហគ្រិនស្ត្រី និងម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ក៏ដូចជាការធានានូវវិធីសាស្រ្តប្រកបដោយតម្លាភាព ទំនុកចិត្ត និងការបញ្ចូលទិន្នន័យ សម្រាប់បង្កើតនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ពួកគាត់។ កិច្ចសហការរវាង CBC និង CGCC នឹងអាចពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់យើង និងសម្រួលដល់តម្រូវការនៃការគាំទ្របន្ថែមជាច្រើនដល់ SMEs»

លោក Wong Keet Loong អគ្គនាយក CGCC ក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា «ជាមួយនឹងអនុស្សរណៈនៃការយោគយល់នេះ CGCC នឹងអាចបង្កើតទម្រង់ឥណទាននៃកម្ចីដែលមានការធានាដោយប្រើ ពិន្ទុ ខេ ស្ករ (K-Score) របស់ CBC ជាឯកសារយោងសម្រាប់ការវាយតម្លៃឥណទានរបស់អ្នកខ្ចីដែលមានការធានារបស់យើង។ នៅពេលដែលគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) រាយការណ៍ពីការផ្តល់កម្ចីដែលមានការធានានៅក្នុងរបាយការណ៍ប្រចាំខែរបស់ពួកគេទៅកាន់ CBC ទិន្នន័យនេះនឹងមានប្រយោជន៍ក្នុងការចាប់យកទម្រង់របស់អ្នកខ្ចីដែលជា SMEs នៅកម្ពុជា ដែលទទួលបានកម្ចីមានការធានា។ វានេះនឹងជួយសម្រួលបន្ថែមទៀតដល់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ SMEs»

ខណៈដែលវាជាកាតព្វកិច្ចចាំបាច់របស់គ្រឹះស្ថានហិរញ្ញវត្ថុដែលជាអ្នកផ្តល់កម្ចី ក្នុងការត្រួតពិនិត្យរបាយការណ៍ឥណទានរបស់អ្នកខ្ចីពីប្រព័ន្ធចែករំលែកពត៌មានឥណទាន CBC សម្រាប់ការវាយតម្លៃកម្ចី ដូច្នេះ CGCC និង CBC នឹងសហការគ្នាដើម្បីឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រើប្រាស់ប្រព័ន្ធឌីជីថល ការរាយការណ៍កម្រិតខ្ពស់ និងឧបករណ៍វិភាគទិន្នន័យពី CBC ដើម្បីធ្វើការវាយតម្លៃអំពីហានិភ័យជាក់លាក់របស់អ្នកខ្ចី និងតាមដានអំពីការប្រើប្រាស់កម្ចីរបស់ពួកគេផងដែរ។

តាមរយៈកិច្ចសហប្រតិបត្តិការនេះផងដែរ CGCC និង CBC ប្តេជ្ញាសហការគ្នាកសាងនូវសកម្មភាពបង្កើនការយល់ដឹង និងលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា៕