(បរទេស)៖ បណ្ដាញសង្គមយក្ស Facebook បាននិងកំពុងតែសាកល្បងទៅលើមុខងារ end-to-end encryption សម្រាប់ កម្មវិធីផ្ញើសារ Messenger ទាំងនៅលើប្រព័ន្ធដំណើរការ iOS និង Android ដែលវាជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយទៀត ដើម្បី រក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មុខងារ end-to-end encryption វាមានសារសំខាន់សម្រាប់អ្នកប្រើប្រាស់កម្មវិធី Messenger ដោយក្នុងនោះវាអនុញ្ញាតឱ្យតែ អ្នក ផ្ញើ និងអ្នកទទួលសារ អាចចូលមើលខ្លឹមសារនៃសារដែលបានផ្ញើមកបាន។

អ្នកនាំពាក្យរបស់ Facebook លោក Alex Dziedzan បាននិយាយថា ការ end-to-end encryption គឺជាមុខងារដ៏ស្មុគស្មាញមួយក្នុងការអនុវត្ត ហើយការធ្វើតេស្តត្រូវបានកំណត់សម្រាប់អ្នកប្រើប្រាស់មួយ ចំនួនប៉ុណ្ណោះសម្រាប់ពេលនេះ ដើម្បីអាចធានាថា ប្រព័ន្ធដំណើរការបានត្រឹមត្រូវ។

ពាក់ព័ន្ធនឹងការសាកល្បងមុខងារថ្មីនេះផងដែរ លោក Dziedzan ក៏បានបញ្ជាក់ដែរថា វិធានការនេះមិនមែនជាការឆ្លើយតបទៅនឹងសំណើអនុវត្តច្បាប់ណាមួយឡើយ។

Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បាននិយាយថា ខ្លួនមានគម្រោងដាក់ឱ្យដំណើរការសាកល្បងនៅក្នុងរយៈពេលជាច្រើនខែ ដែលតាមផែនការគឺ ត្រូវដាក់តាំងពីដើមឆ្នាំ ២០២២ ប៉ុន្តែដោយសារតែបញ្ហាមួយចំនួនទៀតរុញច្រានរហូតដល់ពេលនេះ៕