(ភ្នំពេញ)៖ ក្រុមហ៊ុន Metfone ដែលជាផ្នែកមួយរបស់ក្រុមហ៊ុនដ៏ល្បីល្បាញ Viettel Cambodia បានប្តេជ្ញាចិត្តក្នុងការជួយអភិវឌ្ឍន៍កីឡាអេឡិចត្រូនិច (eSport) នៅប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនថែមទៀត។

ឆន្ទៈនេះត្រូវបានបង្ហាញឡើង ក្នុងពិធីចុះ MOU រវាងក្រុមហ៊ុន Viettel Cambodia និងក្រុមហ៊ុន Mineski Global នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក Ronald Robins ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Mineski និងលោក Phung Van Cuong អគ្គនាយកនៃក្រុមហ៊ុន Metfone និងគណៈប្រតិភូពាក់ព័ន្ធ។

ការប្រកួត eSport ទាំងលក្ខណៈតូច និងធំ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងក្របខណ្ឌពិភពលោក ដែលទាក់ទាញអ្នកទស្សនារាប់លាននាក់។ ថ្មីៗនេះ eSport ត្រូវបានដាក់ចូលក្នុងកីឡាស៉ីហ្គេម (SEA Games) ទៀតផង។ ទោះជាយ៉ាងនេះក្តី ឧស្សាហកម្មកីឡាប្រភេទនេះ នៅក្នុងប្រទេសកម្ពុជា មានលក្ខណៈក្មេងខ្ចីនៅឡើយ ខណៈដែលការប្រកួតលក្ខណៈផ្លូវការ ត្រូវបានលេចឡើងជាលំដាប់។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ២០១៧ បានទទួលស្គាល់ថា វត្តមាន eSport រួមទាំងវីដេអូហ្គេមត្រូវបានចាត់ទុកថាជាសកម្មភាពកីឡា នៅពេលដែលអ្នកលេងវានោះត្រូវបានហ្វឹកហាត់ និងរៀបចំខ្លួនឲ្យបានល្អដូចកីឡាដទៃទៀត។

Metfone មានអ្នកលេង Mobile Legends: Bang Bang រាប់លាននាក់ ដែលមានចំណែកទីផ្សារ ៩០ភាគរយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងអ្នកលេងប្រចាំថ្ងៃរាប់រយពាន់នាក់នៅលើបណ្តាញរបស់ខ្លួន។

ពាក់ព័ន្ធនឹងការចុះ MOU នេះវិញ វាមិនត្រឹមតែជាការផ្តល់កិច្ចសហការក្នុងការប្រឹក្សាយោបល់ និងជួយរៀបចំការប្រកួត eSport ឲ្យទៅ Metfone នោះទេ Mineski ក៏ផ្តល់ដំណោះស្រាយ និងជួយបញ្ជ្រាបការយល់ដឹងផ្នែក eSport ដល់អ្នកលេងកីឡានេះ នៅប្រទេសកម្ពុជាទៀតផង។ ជាមួយនឹងកិច្ចសហការនេះ Mineski សង្ឃឹមថា នឹងជួយ Metfone ឲ្យក្លាយជាជម្រើសទីមួយ សម្រាប់បង្កើតបទពិសោធន៍ដល់អ្នកលេង eSport ដោយប្រើប្រាស់ទូរស័ព្ទ នៅក្នុងប្រទេសកម្ពុជា។

លោក Phung Van Cuong បានលើកឡើងថា MOU នេះដែរ គឺជាការសហការរវាងក្រុមហ៊ុនទូរគមនាគមន៍ ចំណាត់ថ្នាក់លេខ១ នៅកម្ពុជា និងក្រុមហ៊ុន ដែលមានឯកទេសក្នុងប្រតិបត្តិការ និងការរៀបចំ eSport លំដាប់ថ្នាក់លេខ១ ក្នុងតំបន់អាស៉ីអាគ្នេយ៍។

លោកបន្តថា «ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនេះ មិនត្រឹមតែក្នុងន័យអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការអភិវឌ្ឍវិស័យ eSport នៅកម្ពុជា ក៏ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងវិស័យ eSport នៅកម្ពុជាបន្តិចៗម្តង។ ជាមួយនឹងទិសដៅយុទ្ធសាស្ត្រនៃការអភិវឌ្ឍ និងវិធីសាស្ត្រជួយយុវជនកម្ពុជា MOU នេះក៏ជាការបង្ហាញពីការតាំងចិត្តរបស់ Metfone ក្នុងគោលដៅអភិវឌ្ឍន៍ eSport ឲ្យបានជោគជ័យ»

Mineski ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ដោយលោក Ronald Robins ជនជាតិហ្វីលីពីន ដែលជាអត្តពលិកជំនាញផ្នែក eSport ។ Meneski បានបើកកន្លែងរបស់ខ្លួនជាលើកដំបូង នៅឆ្នាំ២០០៨ បន្ទាប់មកពង្រីកខ្លួនដល់ប្រទេសម៉ាឡេស៉ី ថៃ និងឥណ្ឌូនេស៉ីជាដើម។

ជាមួយនឹងក្តីសុបិនដែលចង់ឃើញប្រទេសហ្វីលីពីន ល្បីល្បាញផ្នែក eSport នៅក្នុងឆាកអន្តរជាតិ «Mineski បានបើកការប្រកួតជាប្រចាំ ដោយការឧបត្ថម្ភដោយក្រុមហ៊ុននេះផ្ទាល់ ដើម្បីបង្កើនសមត្ថភាព អ្នកប្រកួតក្នុងប្រទេស រហូតគេស្គាល់ព្រឹត្តិការណ៍ដ៏ធំនេះថា Mineski Events Team or MET Events (MET)»