(តូរីន)៖ ក្លិបអ៉ីតាលី Juventus បានចុះហត្ថលេខាជាមួយខ្សែបម្រើអន្តរជាតិស៊ែបី Filip Kostic មកពីក្លិបអាល្លឺម៉ង់ Eintracht Frankfurt លើកិច្ចសន្យាមួយ ដែលលេងរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ក្នុងតម្លៃ ១២លានអឺរ៉ូ (១២.៣៤លានដុល្លារ)។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅលីគ Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។

Juve អាចចំណាយបន្ថែម ៣លានអឺរ៉ូបទៀត ជាប្រាក់បន្ថែមទៅកាន់ Frankfurt សម្រាប់កីឡាករវ័យ ២៩ឆ្នាំរូបនេះដែលលេងបាន ១៧១ប្រកួត សម្រាប់ក្លិបអាល្លឺម៉ង់ បន្ទាប់ពីការទៅដល់កាលពីឆ្នាំ២០១៨។ លោកបានស៊ុតបញ្ចូលទី ៣៣គ្រាប់ និងបញ្ជូនបាល់បាន ៦៤គ្រាប់សម្រាប់ក្លិប Eintracht Frankfurt។

លោកបានលេងជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិស៊ែបី ក្នុងឆ្នាំ២០១៥ ប៉ះក្រុមអាស៊ែបៃហ្សង់ និងបានជាប់លេង ៤៨លើកសម្រាប់ក្រុមជម្រើសជាតិ ដោយបានស៊ុតបញ្ចូលទី ៣គ្រាប់ដែរ។

Kostic នឹងក្លាយជាកីឡាករទី៦ ដែលបានចុះកិច្ចសន្យាជាមួយសេះបង្កង់ Juventus នៅក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ បន្ទាប់ពីការទៅដល់របស់កីឡាករ Angel Di Maria, Paul Pogba, Andrea Cambiaso, Federico Chiesa និងកីឡាករ Gleison Bremer។

Juve បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ កាលពីរដូវកាលមុន។ ពួកគេនឹងបើកយុទ្ធនាការ Serie A ថ្មីរបស់ពួកគេដោយប៉ះក្រុម Sassuolo នៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕