(ឡុងដ៍)៖ ខ្សែការពារក្លិប Tottenham Hotspur កីឡាករ Clement Lenglet នឹងខកខានការប្រកួតលីគ Premier League នាថ្ងៃអាទិត្យនេះ ប៉ះក្រុម Chelsea ដោយសារតែបញ្ហាសាច់ដុំ ស្របពេលខ្សែបម្រើ Oliver Skipp ក៏នឹងអវត្តមានរយៈពេល ២សប្តាហ៍ផងដែរ បន្ទាប់ពីបាក់ឆ្អឹងបាតជើង។ នេះបើតាមសម្តីអ្នកចាត់ការ Antonio Conte ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។

កីឡាករវ័យ ២៧ឆ្នាំ Lenglet ដែលបានចូលរួមជាមួយ Spurs លើកិច្ចសន្យាលេងខ្ចីជើងរយៈពេល ១ឆ្នាំផ្លាស់មកពីក្លិបអេស្ប៉ាញ FC Barcelona កាលពីពេលបិទរដូវកាលរូបនេះ បានបង្ហាញខ្លួនក្នុងការប្រកួតទទួលបានជ័យជម្នះ ៤-១ លើក្រុម Southampton កាលពីចុងសប្តាហ៍មុន។

Conte ដែលបានដឹកនាំក្រុម Spurs បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ កាលពីរដូវកាលមុន ដោយទទួលបានកៅអីស្វ័យប្រវត្តិក្នុងការលេងនៅ UEFA Champions League រូបនេះបានលើកឡើងថា លោកមានភាពរីករាយជាមួយនឹងវិធីសាស្ត្រ នៃការធ្វើឲ្យក្រុមកាន់តែខ្លាំង បន្ទាប់ពីការទៅដល់នៃកីឡាករ Richarlison, Yves Bissouma, Djed Spence, Ivan Perisic និងកីឡាករ Fraser Forster៕