(មេនឆេស្ទើ)៖ ក្លិបបាល់ទាត់ Manchester City នឹងចុះហត្ថលេខានាំយកខ្សែការពារ Sergio Gomez មកពីក្លិបប៊ែលហ្ស៊ិក Anderlecht។ នេះបើតាមសម្តីអ្នកចាត់ការ Pep Guardiola បានលើកឡើងនៅថ្ងៃសុក្រ ស្របពេលក្លិបម្ចាស់ពានរង្វាន់ជើងឯក Premier League មួយនេះ កំពុងស្វែងរកការបំពេញបន្ថែមនូវខ្សែការពារឆ្វេងរបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។

បន្ទាប់ពីកីឡាករលំដាប់អន្តរជាតិអ៊ុយក្រែន Oleksander Zinchenko ផ្លាស់ទៅលេងឲ្យ Arsenal ក្លិបមេឃខៀវ City បានចាប់ផ្តើមការពារពានរង្វាន់របស់ពួកគេ ដោយមានតែកីឡាករសញ្ជាតិព័រទុយហ្គាល់ Joao Cancelo ជាខ្សែការពារឆ្វេងជើងចាស់តែម្នាក់គត់។

ខ្សែបម្រើដែលនឹងប្រែក្លាយជាខ្សែការពារឆ្វេង Gomez វ័យ ២១ឆ្នាំរូបនេះនឹងប្រកួតប្រជែងយកតំណែងក្នុងជម្រើសដំបូង។ នេះបើតាមសម្តីលោក Guardiola បានប្រាប់ក្រុមអ្នកសារព័ត៌មាន។

Gomez បានលេង ៣០ប្រកួតសម្រាប់ក្រុម Anderlecht ចាប់តាំងពីចូលរួមជាមួយពួកគេកាលពីខែមិថុនា ឆ្នាំ២០២១។ លោកបានលេងក្នុងក្រុមអេស្ប៉ាញ កម្រិតយុវជន ក្នុងនោះរួមទាំង Under-17 World Cup ផងដែរកាលពីឆ្នាំ២០១៧ នៅពេលដែលពួកគេបានចាញ់អង់គ្លេស ក្នុងការប្រកួតផ្តាច់ព្រ័ត្រ។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា ក្លិប City និង Anderlecht បានព្រមព្រៀងគ្នាលើកិច្ចសន្យាមួយដែលមានតម្លៃបឋម ១១លានផោន (១៣.៣៣លានដុល្លារ) សម្រាប់ការផ្ទេរកីឡាករ Gomez៕