(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ល្ងាចថ្ងៃទី១២ ខែសីហា បានជួបជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាអេឡិចត្រូនិចវៀតណាម ដើម្បីពិភាក្សាការងារលម្អិតលើអនុស្សារណៈយោគយល់គ្នា (MOU) ដែលភាគីវៀតណាមបានសន្យាជួយផ្នែកបច្ចេកទេសដល់កម្ពុជា សម្រាប់ការរៀបចំការប្រកួតកីឡាអេឡិចត្រូនិច ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ជំនួបពិភាក្សាការងារនេះ បន្ទាប់ពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងសហព័ន្ធកីឡាអេឡិចត្រូនិចវៀតណាម បានចុះ MOU ដែលជាកិច្ចព្រមព្រៀងបឋមជាមួយគ្នាកាលពីខែឧសភាកន្លងទៅ អំឡុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ដែលផ្ដោតលើកិច្ចសហប្រតិបត្តិការ ២ចំណុចសំខាន់ៗ ទី១-ការជួយផ្នែកបច្ចេកទេសលើការរៀបចំការប្រកួត និងទី២-ការជួបបណ្ដុះបណ្ដាលផ្នែកធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការត្រៀមធ្វើម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា។

លោក វ៉ាត់ ចំរើន បានគូសបញ្ជាក់ថា «កិច្ចពិភាក្សានេះ យើងផ្ដោតការយកចិត្តទុកដាក់ទៅលើ ២ចំនុចសំខាន់ ទី១ វៀតណាមគេនឹងជួយយើងលើការរៀបចំលក្ខណៈបច្ចេកទេស ក្នុងការរៀបចំការប្រកួតកីឡា E-Sports ព្រោះ E-Sports គឺជារូបមន្តនៃការប្រើប្រាស់បច្ចេកវិទ្យាមួយខ្ពស់ ដែលយើងគិតថា យើងនៅមានកម្រិតនៅក្នុងការរៀបចំនេះ...។ យើងបានមកទីនេះ ដើម្បីពិភាក្សាគ្នាលម្អិត ក្នុងការធ្វើអនុស្សារណៈយោគយល់ (MOU) លម្អិតមួយ សម្រាប់ការរៀបចំនេះ ហើយយើងទាំងអស់គ្នាជាមួយ CAMSOC និងសហព័ន្ធកីឡាអេឡិកត្រូនិចកម្ពុជា នឹងរៀបចំ MOU នេះ ឲ្យបានរួចរាល់ ហើយដាក់ជូនទៅថ្នាក់ដឹកនាំ ដើម្បីផ្ដល់សិទ្ធិទៅដល់សហព័ន្ធ ក៏ដូចជាគណៈអចិន្ត្រៃយ៍របស់ CAMSOC និងអគ្គលេខាធិការរដ្ឋាន CAMSOC មានការចុះ MOU អនុវត្តទៅលើការងារនេះ»

«មួយទៀត គឺពាក់ព័ន្ធជាមួយនឹងការដែលវៀតណាមគេជួយបង្ហាត់បង្រៀនអំពីជំនាញកីឡា E-Sports នេះបន្ថែមទៀតដល់កម្ពុជា ព្រោះវៀតណាមគេមានកម្រិតល្អប្រសើរ ហើយនឹងយកមេដាយមាសផងដែរ នៅក្នុងពេលស៊ីហ្គេម។ អ៊ីចឹងកម្រិតកីឡា E-Sports របស់វៀតណាម អាចថានៅកម្រិតខ្ពស់មួយ ដែលអាចផ្ទេរចំណេះជំនាញ ផ្ទេររបៀបនៃការលេងមកកម្ពុជាផងដែរ ហើយវៀតណាមបានសន្យាក្នុងការជួយ ទាំងធ្វើការរៀបចំការប្រកួត ទាំងផ្ដល់នូវការបណ្ដុះបណ្ដាលជំនាញទៅកីឡាករ-កីឡាការិនី ផ្នែក E-Sports របស់យើងដែរ»។ លោក វ៉ាត់ ចំរើន បន្ថែម។

សូមបញ្ជាក់ថា កីឡាអេឡិចត្រូនិច គឺជាកីឡា១ ក្នុងចំណោមកីឡាទាំង ៣៩ប្រភេទ បូកនឹងកីឡាសម្ដែង ១ប្រភេទ ដែលត្រូវបានក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍អនុម័តរួចរាល់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ កីឡាអេឡិចត្រូនិច ទើបបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ ២ដងប៉ុណ្ណោះកាលស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងឆ្នាំ២០២២ នៅវៀតណាម ខណៈកម្ពុជា គឺជាលើកទី៣ ដែលកីឡាទំនើបមួយនេះត្រូវបង្ហាញវត្តមាន៕